បច្ចុប្បន្ន ជំងឺបាក់ទឹកចិត្តបានកំពុងធ្វើការវាយប្រហារយ៉ាងខ្លាំង មិនថាអ្នកជាអ្នកណា ជាអ្នកមាន អ្នកក្រ ក្មេង ចាស់ ប្រុស ឬស្រីនោះឡើយ។ ជួនកាល ជំងឺនេះអាចកំពុងស្ថិតនៅជាមួយមិត្តភក្តិ ឬមនុស្សជាទីស្រលាញ់របស់អ្នកទៀតផង។ ប្រាកដណាស់អ្នកពិតជាចង់ជួយពួកគេឲ្យចៀសផុតពីឃាតករលាក់មុខនេះ ប៉ុន្តែពេលខ្លះអ្នកមិនដឹងថាគួរត្រូវនិយាយអ្វីទៅកាន់ពួកគេនោះឡើយ។ ហេតុនេះប្រសិនបើអ្នកមិនប្រាកដថាត្រូវនិយាយអ្វី សូមព្យាយាមប្រើឃ្លាទាំងនេះដើម្បីបង្ហាញការគាំទ្ររបស់អ្នកដល់ពួកគេ៖
ខ្ញុំគឺនៅទីនេះដើម្បីអ្នក
ជាពាក្យសម្តីដែលងាយនិយាយ ហើយថែមទាំងមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងចំពោះពួកគាត់ ដោយហេតុថាឃ្លានេះហាក់ដូចជាបានជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកនិងគាត់។ អ្នកដែលមានជំងឺបាក់ទឹកចិត្តតែងមានអារម្មណ៍ឯកការ គ្មានអ្នកកំដរ គ្មានអ្នកដែលអាចទុកចិត្តបានដើម្បីនិយាយប្រាប់អំពីបញ្ហាដែលកំពុងប្រឈមរាល់ថ្ងៃ។ ដូច្នេះ អ្នកអាចជួយពួកគេតាមរយៈសកម្មភាពតូចតាចប្រចាំថ្ងៃ មានដូចជាចាប់ផ្តើមសន្ទនាគ្នារាល់ថ្ងៃ ដើរលេងជាមួយគ្នា ណាត់គ្នាមើលកុន ឬអាចជូនគាត់ទៅជួបគ្រូពេទ្យជាដើម។
តើខ្ញុំអាចជួយអ្នកបានតាមវិធីណា?
វាជាសំណួរមួយដ៏ល្អដើម្បីសួរមនុស្សជាទីស្រលាញ់របស់អ្នកថាតើ អ្នកអាចជួយពួកគេបានអ្វីខ្លះ។ ការងារដែលអ្នកអាចជួយបានគឺអាចជាការងារប្រចាំថ្ងៃមានដូចជា ការបោកគក់ ការថែទាំសត្វចិញ្ចឹម ការសម្អាតផ្ទះ។ ទង្វើនេះអាចបង្ហាញថាអ្នកចង់ឲ្យមនុស្សជាទីស្រលាញ់របស់អ្នកមានអារម្មណ៍ថាបានទទួលការគាំទ្រ និងថែទាំក្នុងអំឡុងពេលព្យាបាល។ ការជួយកិច្ចការតូចៗបែបនេះប្រហែលជាមិនសូវសំខាន់ទេ ប៉ុន្តែវាក៏ជាកត្តាជំរុញដល់ការចូលរួមក្នុងផែនការព្យាបាលផងដែរ។
មិននិយាយអ្វីទាំងអស់ ជាកាដូដ៏អស្ចារ្យសម្រាប់ពួកគេ
ជួនកាល ភាពស្ងៀមស្ងាត់ពិតជាទង្វើល្អបំផុតដែលអ្នកអាចធ្វើបាន គឺគ្រាន់តែបង្ហាញវត្តមានរបស់អ្នកនៅក្បែរពួកគេដោយមិនចាំបាច់និយាយអ្វីទាំងអស់ ប៉ុន្តែធ្វើជាអ្នកស្តាប់ដ៏ល្អ ឬគ្រាន់តែបង្ហាញការយកចិត្តទុកដាក់តាមរយៈកាយវិការយកចិត្តទុកដាក់ដោយគិតចាប់ពីការធ្វើរឿងតូចតាចឡើងទៅ។
បន្ថែមពីនេះ អ្នកក៏ត្រូវចៀសវាងសម្តីនិងសំណួរមួយចំនួនដូចជា៖
1. តើអ្នកមិនយល់ថា អ្នកជាមនុស្សដែលសំណាងយ៉ាងណាទេ?
2.ហេតុអ្វីអ្នកចូលចិត្តគិតរឿងតូចតាច ឲ្យក្លាយជារឿងធំម្ល៉េះ?
3.តើអ្នកមានអារម្មណ៍គ្រាន់បើហើយឬនៅ?
4.តើមានបញ្ហាអ្វីចំពោះអ្នក?
5.តើអ្នកចាំបាច់ព្រួយបារម្ភអ្វីខ្លាំងយ៉ាងនេះ?
អត្ថបទ៖ ដកស្រង់ចេញពី healthtime.tips ដោយសិត ប៊ុនថេង

