*អត្ថបទ÷ ជីវិត & ការងារ ៤ចំណុច ធ្វើឱ្យអ្នកស្ងប់ចិត្តឈប់គិតច្រើន

S
មានជីវិត​តែងតែ​ជួប​បញ្ហា ទោះ​តិច ឬ ច្រើនក្តី​ចៀស​មិន​ផុត​ឡើយ ប៉ុន្តែ​បើ​ចេះ​រិះរក​វិធី​បញ្ចៀស និង ដោះស្រាយបាន នោះ​នឹង​ល្អប្រសើរ ។ ការគិត​ច្រើនពេក បារម្ភ​ច្រើនពេក និង មិន​ព្រម​ទទួលយក​អ្វីដែល​កើតឡើង វា​ជាហេតុ​បង្ក​ឱ្យ​អ្នក​កើត​អារម្មណ៍​ស្មុគស្មាញ ស្ត្រេ​ស ។ អ្វីដែល​សំខាន់​នោះ​ធ្វើឱ្យ​ចិត្ត​អ្នក​លែង​ស្ងប់ ហើយ​ធ្វើ​អ្វី​ក៏​មិនបាន​សម្រេច ។ តើ​ធ្វើ​ដូចម្តេច​ដើម្បីឱ្យ​ចិត្តស្ងប់ និង ឈប់​គិត​ច្រើន​បាន ?

​វិធីសាស្ដ្រ ៤ ចំណុច​ដ៏​ល្អប្រសើរ​បង្ហាញផ្លូវ​ដល់​លោកអ្នក ដើម្បី​កាត់បន្ថយ​ការគិត​ច្រើន និង ធ្វើឱ្យ​ចិត្តស្ងប់​ឈប់​គិត​ច្រើន​តទៅទៀតបាន ដែលមាន​ដូចតទៅ ៖
   ១- កុំ​សូវ​ទៅ​រស់នៅក្នុង​អតីតកាល​
​រឿង​ណា​ដែល​កន្លង​ហួស​ត្រូវ​បំភ្លេចចោល​ក៏​បំភ្លេចចោល​ឱ្យអស់ បិទ​វា​ចោល​ឱ្យអស់ កុំឱ្យ​អតីតកាល​មក​លងបន្លាច​ច្រើនពេក ដោយ​គិត​ស្តាយ​នេះ​ស្តាយ​នោះ បន្ទោស​ចុះ​បន្ទោស​ឡើង ទាំង​រឿង​បាន​កើតឡើង​រួចហើយ នាំ​តែ​ចិត្ត​គិត​ច្រើន ។​

២- កុំ​ព្រួយ​រឿង​ដែល​មិនទាន់​កើតឡើង​ច្រើនពេក​
​កុំ​បារម្ភ និង កុំ​ព្រួយ​ក្នុង​រឿង​មិនទាន់​កើត​ខ្លាំងពេក ជួនកាល​អ្វីដែល​យើង​តែង​គិត​នោះ វា​មិនបាន​កើតឡើង​ឡើយ ។ ដូច្នេះ​កុំ​គិត កុំ​បារម្ភ កុំ​ភ័យ កុំ​ខ្លា​ចនេះ​ខ្លាច​នោះ​ច្រើន នាំ​តែ​ធ្វើឱ្យ​ចិត្ត​យើង​មិន​ស្ងប់​នោះទេ ។ យ៉ាងណា​បើ​ពេល​មានរឿង​កើតឡើង​ហើយ​ចាំ​ដោះស្រាយ​ទៅ​ទើប​ប្រសើរ ។ និយាយ​រួម​កុំ​យក​ខ្មោច​អនាគត​មក​លងបន្លាច​យើង​អី ជួប​រឿង​មួយ​ដោះ​រឿង​មួយ​ទៅ ល្អ​បំផុត ។​
   ៣- កុំ​យកពាក្យ​សម្តី​អ្នកដទៃ​មក​បំផ្លាញ​សេចក្តី​ខ្លួនឯង
​បើសិនជា​ពាក្យ​ល្អ​ណែនាំ​ដាស់តឿន អាច​ទទួល​យកមក​ដា​ក់​ទុក​ក្នុង​ចិត្ត​ចុះ តែ​បើសិនជា​ពាក្យ​ឌឺដង​ធ្វើឱ្យ​ក្តៅក្រហាយ​ទេ កុំ​យក​វា​មក​ទុកដាក់​ក្នុង​ចិត្ត​ច្រើនពេក បោះ​វា​ចោល​ទៅ ព្រោះ​វា​នាំ​តែ​ឱ្យ​យើង​ខឹង​ក្រោធ​ខូចប្រយោជន៍​នោះទេ ។ ត្រូវ​ចាំ​កុំ​នាំ​ភ្លើង​មក​ដុត​ខ្លួនឯង នាំ​តែ​ក្តៅ រលាក ឥតអំពើ​ទេ ។
   ៤- ចេះ​ព្រម​រឿង​លទ្ធផល​ដែល​ទទួលបាន​
​ត្រូវ​ចេះ​ព្រម​រឿង​លទ្ធផល​ដែល​ទទួលបាន កុំ​គិតថា​អ្វីៗ​បាន​ដូច​ចិត្ត​ចង់​នោះ​អី ជួនកាល​យើង​មិនអាច​បញ្ជា​ឱ្យ​នរណាម្នាក់​ធ្វើតាម​អ្វីដែល​យើង​ចង់បាន​នោះទេ ។ កុំ​គិតថា​អ្វីដែល​គិត​នោះ​ថា​បាន​ផល​ទាំងអស់​នោះដែរ ពេល​ក៏​ទទួលបាន ពេលខ្លះ​ក៏​មិន​ទទួលបាន ពេលខ្លះ​ក៏ត្រូវ​ចិត្ត ពេលខ្លះ​ក៏​មិនត្រូវ​ចិត្ត​ដែរ ។ ត្រូវមាន​ចិត្ត​សណ្តោស​គឺ​ព្រម​តាម​អ្វី​ដែលជា​ការពិត​នេះឯង ។​
  *  ​អ្វីដែល​សំខាន់​គឺ​ទម្លាប់​ទទួលទាន និង គេង​ឱ្យបាន​គ្រប់គ្រាន់ ហើយ​បើ​មាន​ពេលនោះ​ត្រូវ​សម្រាក ដើរ​កម្សាន្ត ឬ ជជែក​លេង​ជាមួយ​មិត្តភក្តិ និង មានឱកាស​ស្តាប់ធម៌​ក៏​ស្តាប់​ខ្លះទៅ ហើយ​បើ​អាច​ទៀត​គឺ​ធ្វើ​សមាធិ​កាន់តែ​ប្រសើរឡើង ។ បើ​ធ្វើបាន​ដូច្នេះ នោះ​អ្នកនឹង​លេង​ខ្វល់ខ្វាយ​គិត​ច្រើន​ទៀតហើយ ចិត្ត​អ្នក​ក៏បាន​ស្ងប់ និង ថ្លា​គំនិត​មិន​ខាន សូមអរគុណ ។

Comments