ប៉ាពួញូហ្គីណេ៖ គេបារម្ភថា មនុស្សជាង ១០០ នាក់អាចនឹងមិនមានជីវិតឡើយ ក្រោយភូមិមួយស្ថិតនៅតំបន់ភ្នំដាច់ស្រយាលក្នុងប្រទេសប៉ាពួញូហ្គីណេ ប្រឈមនឹងការរអិលបាក់ដីកាលពីថ្ងៃសុក្រ ស្របពេលកិច្ចការងារខិតខំជួយសង្គ្រោះកំពុងតែដំណើរការ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីក្នុងប្រទេសនេះ ។
នៅម៉ោងប្រហែល ៣ ទៀបភ្លឺ ការរអិលបាក់ដី បានវាយប្រហារខេត្តអ៊ែនហ្គា (Enga) ចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រ ពីភាគពាយព្យនៃរដ្ឋធានី Port Moresby នេះបើយោងតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន ABC របស់អូស្ត្រាលី ខណៈអ្នកស្រុកនិយាយថា ផ្ទាំងថ្ម ដើមឈើភ្នំ ដីភក់ល្បាប់ បានកប់ផ្នែកខ្លះនៃសហគមន៍របស់ពលរដ្ឋនៅក្នុងភូមិ Yambali ដែលមានប្រជាជន ៣.៨៩៥នាក់កំពុងរស់នៅ ។
អ្នកស្រុក និយាយថា តួលេខអ្នកស្លាប់អាចមានចំនួនលើសពី១០០នាក់ បើទោះជាអាជ្ញាធរមិនបានបញ្ជាក់ពីតួលេខនោះក៏ដោយ ។ ប្រធានបេសកកម្មនៃអង្គការអន្តរជាតិមួយរូបឈ្មោះ Serhan Aktoprak បានប្រាប់ថា នៅមិនទាន់មានព័ត៌មានជាក់ស្តែងបញ្ជាក់ពីចំនួនអ្នករងរបួសសរុបនៅឡើយទេ ។ ថ្លែងតាមទូរសព្ទពីរដ្ឋធានី Port Moreseby លោក Aktoprak បាននិយាយថា "ដោយសារតែគ្រោះមហន្តរាយនេះមានទំហំធំ" ដូចនេះ លោកពិតជាព្រួយបារម្ភថា តួលេខអ្នកស្លាប់ អាចនឹងមានចំនួនខ្ពស់ជាងការប៉ាន់ស្មាន ។
ជុំវិញហេតុការណ៍នេះ នាយករដ្ឋមន្ត្រីប៉ាពួញូហ្គីណេ James Marape មានប្រសាសន៍ថា អាជ្ញាធរកំពុងចាត់វិធានការឆ្លើយតប ហើយលោកនឹងបញ្ចេញព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងផលប៉ះពាល់នៃការបំផ្លិចបំផ្លាញ និងរបាយការណ៍នៃការបាត់បង់ជីវិត នៅពេលលោកទទួលបានព័ត៌មានលម្អិត ។
ក្នុងពេលដំណាលគ្នានេះ ប្រទេសអូស្ត្រាលី ដែលជាប្រទេសជិតខាង និងជាអ្នកផ្តល់ជំនួយបរទេសដ៏សប្បុរសបំផុតរបស់ប៉ាពួញូហ្គីណេ បាននិយាយថា រដ្ឋាភិបាលអូស្ត្រាលី ត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជំនួយផ្សេងៗ ក៏ដូចជា កិច្ចខិតខំជួយសង្គ្រោះ និងស្តារតំបន់រងផលប៉ះពាល់ឡើងវិញ ៕

