រឿង ចៅកំបិតបន្ទោះ

S

កាលដើមឡើយ មានបុរសពីរនាក់ ជាបងប្អូននឹងគ្នា ម្ដាយឪពុកស្លាប់អស់ទៅនៅតែពីរនាក់បងប្អូន ក៏បបួលគ្នាទៅនៅវត្ត រៀនអក្សរ ធម៌អាថ៌ សាស្ត្រាបាលីនឹងលោកសង្ឃរាជ លោកក៏មេត្តាករុណាប្រៀនប្រដៅឲ្យរៀនសូត្រ ។ ក្មេងទាំងពីរនាក់ព្យាយាមណាស់ រកក្មេងណាស្មើគ្មាន ដល់រៀនចេះចប់ លោកគ្រូបំបួសនេន ។ នេនទាំងពីរពុំខ្ជិលសោះ ខំរៀនសូត្រនិងបម្រើគ្រូពុំឲ្យគ្រូអាក់អន់ព្រះទ័យឡើយ ។ នេនទាំងពីរបួសបាន ៥ វស្សា នឹកចង់សឹក ក៏ចូលទៅវន្ទាលាគ្រូសឹក ។ គ្រូក៏ព្រមឲ្យសឹកៗរួចលោកគ្រូផ្ដាំបុរសបង ឲ្យទៅនៅរកស៊ីស្រុកចិន នឹងបានជាចៅសួធំក្នុងស្រុកចិន ។ ឯបុរសប្អូន គ្រូពុំបានផ្ដាំអ្វីឡើយត្បិតគ្រូមើលឲ្យឃើញថា បុរសប្អូននឹងបានសោយរាជ្យជាសម្ដេចនគរពីរ ទើបលោកគ្រូផ្ដាំថា «ចៅឯងទៅរកស៊ីបើនឿយណាស់កុំដេក យកប្រពន្ធត្រូវមើលម្ដាយក្មេក ចូលដំណេកកុំនិយាយនឹងប្រពន្ធ បើឯងរក្សាពាក្យទាំង ៣ម៉ាត់នេះបាន ស្មើបាននគរពីរ អញគ្មានអ្វីឲ្យឯងទេ» ។ បុរសទាំងពីរនាក់បងប្អូន ក៏លាគ្រូដើរទៅ ។

    បុរសបងទៅរកស៊ីឯស្រុកចិនតាមពាក្យគ្រូផ្ដាំ ក៏បានជាចៅសួធំមែន ។ បុរសប្អូនមិនដឹងរកស៊ីអ្វី ទៅនៅនឹងបងប្អូនញាតិសន្តាន គេក៏អាណិតដណ្ដឹងប្រពន្ធរៀបការធ្វើផ្ទះឲ្យនៅ ។ បុរសនោះភ្លេចពាក្យគ្រូផ្ដាំ ក៏នៅរកស៊ីនឹងប្រពន្ធ ជួនមានស៊ីជួនអត់ បានព្រឹកអត់ល្ងាច បានល្ងាចអត់ព្រឹក សំពត់ស្លៀកក៏គ្មាន មានតែខោកញ្ចាស់ពាក់កណ្ដាលភ្លៅមួយ ដាច់លេចមុខលេចក្រោយ ។ បុរសនោះតែងដើរទៅកំពង់ទឹក ក្រែងមានគេមកពីស្រុកចិន នឹងបានសួរដំណឹងពីបងខ្លួន ។
    ថ្ងៃ១មានសំពៅមួយមកពីស្រុកចិន បុរសនោះក៏ចុះទៅសួរគេថា «អ្នកនាយសំពៅអើយ! អ្នកដែលបានប្រទះខ្មែរម្នាក់ដែរឬទេ ? គាត់ទៅនៅរកស៊ីស្រុកចិន ៥ឆ្នាំហើយ» ។ នាយសំពៅប្រាប់ថា «ឃើញខ្មែរម្នាក់ដែរ ឥឡូវគេបានជាចៅសួមានងារធំក្នុងស្រុកចិន គ្មានអ្នកណាមានស្មើទេ?» ។ បុរសសួរទៅនាយសំពៅទៀតថា «អ្នកនាយសំពៅអញ្ជើញទៅវិញថ្ងៃណា?» នាយសំពៅថា «៣ថ្ងៃទៀតខ្ញុំវិលទៅវិញហើយ» ។ បុរសនិយាយនឹងនាយសំពៅថា «អ្នកនាយសំពៅ បើអ្នកអញ្ជើញទៅវិញ សូមអ្នកអាណិតឲ្យខ្ញុំសូមដោយសារទៅផង»។ នាយសំពៅព្រមឲ្យទៅ។ បុរសនោះ ក៏លានាយសំពៅមកផ្ទះវិញ ។ ទៅដល់ផ្ទះ បុរសនិយាយនឹងប្រពន្ធថា «នាងអើយ! យើងសព្វថ្ងៃនេះ ក្រលំបាកណាស់ ឥឡូវនេះឮដំណឹងថាបងអ្នក ដែលទៅនៅស្រុកចិនគេមាន គេបានជាចៅសួធំក្នុងស្រុកចិនឥឡូវបងចង់ទៅសួរ ក្រែងបងគេឃើញឯងក្រ គេអាណិតឲ្យប្រាក់កាសចាយ សំពត់អាវស្លៀកពាក់ខ្លះ» ។ ប្រពន្ធឮប្ដីថាដូច្នោះ សួរថា «ចុះអ្នកទៅជាមួយអ្នកណា?» ។ បុរសជាប្ដីប្រាប់ថា បងសុំដោយសារសំពៅគេ គេព្រមឲ្យទៅ៣ថ្ងៃទៀត គេចេញសំពៅហើយ» ។ ប្រពន្ធថា «បើអ្នកទៅក៏

Comments