ហាងលក់ទំនិញដុំកូសស្កូ (Costco) របស់អាម៉េរិកបានបន្តផ្តល់ប្រាក់បៀវត្សរ៍អប្បបរមាកម្រិតខ្ពស់ សម្រាប់បុគ្គលិករបស់ខ្លួននៅក្នុងប្រទេសជប៉ុន បើទោះបីជាស្ថានការណ៍កំណើនអតិផរណានៅក្នុងប្រទេសមួយនេះបានបន្តកើនឡើងស្ទើរជារៀងរាល់ខែយ៉ាងណាក៏ដោយ ។
គួរជម្រាបថា ក្នុងរយៈពេល ២ឆ្នាំមកនេះ ស្ថានភាពប្រាក់ឈ្នួលរបស់ពលរដ្ឋក្នុងប្រទេសជប៉ុន បានទទួលរងនូវផលប៉ះពាល់ដោយសារតែបញ្ហាកំណើនអតិផរណា ដែលធើ្វឱ្យការចំណាយប្រចាំថ្ងៃមានការកើនឡើងខ្លាំង ខណៈកម្រិតប្រាក់បៀវត្សរ៍ស្ថិតនៅដដែល ឬក៏មានកំណើនតិចតួចបើធៀបទៅនឹងតម្លៃទំនិញនៅលើទីផ្សារ។
បើទោះបីជាកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចក្នុងស្រុកក៏ដោយចុះ ក៏ក្រុមហ៊ុនកូសស្កូ នៅតែរក្សាគោលការណ៍តម្លៃប្រាក់ឈ្នួលអប្បបរមាគិតជាម៉ោងចំនួន ១,៥០០យ៉េន ស្មើជិត ១០ដុល្លារ សម្រាប់ក្រុមបុគ្គលិករបស់ខ្លួននៅទូទាំងបណ្តាសាខាទាំងអស់នៅក្នុងប្រទេសជប៉ុន និងកាន់តែមានកម្រិតខ្ពស់ថែមទៀតសម្រាប់ក្រុមបុគ្គលិកនៅតាមបណ្តាហាងរបស់កូសស្កូ នៅក្នុងទីក្រុងតូក្យូ រួមទាំងខេត្ត Gunma ភាគខាងជើងប្រទេសជប៉ុន។
បុគ្គលិកមួយរូបរបស់ក្រុមហ៊ុនកូសស្កូ បានលើកឡើងថា "គិតចាប់តាំងពីបានបម្រើការងារនៅក្នុងហាងលក់ទំនិញរបស់កូសស្កូមក រូបគេតែងតែមានអារម្មណ៍កក់ក្តៅខាងផ្នែកហិរញ្ញវត្ថុ ដោយក្រុមហ៊ុនតែងផ្តល់ប្រាក់បៀវត្សរ៍ទៀងទាត់ និងមានកម្រិតប្រាក់ខែខ្ពស់បើធៀបនឹងបណ្តាអាជីវកម្មផ្សេងៗទៀត ខណៈបុគ្គលិកភាគច្រើនរបស់កូសស្កូ គឺជាយុវវ័យដែលកំពុងសិក្សា និងជាឱកាសមួយសម្រាប់ពួកគេក្នុងការសន្សំប្រាក់ដើម្បីបន្តការសិក្សានៅថ្ងៃមុខ។
ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ពលរដ្ឋ គឺជាគោលនយោបាយអទិភាពមួយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ខណៈធនាគារកណ្តាលជប៉ុន BOJ បានចាត់ទុកការដំឡើងប្រាក់ឈ្នូលអប្បបរមាសម្រាប់ពលរដ្ឋថាជា កិច្ចការដ៏សំខាន់សម្រាប់ស្តារគោលនយោបាយរូបិយវត្ថុ ដែលរងផលប៉ះពាល់អវិជ្ជមាន ដោយសារតែពលរដ្ឋនាំគ្នាកាត់បន្ថយការចំណាយ ៕

