ទឹកធ្លាក់ ថ្មដាតូច ស្ថិតនៅក្នុងប្រភេទ៖ ទឹកជ្រោះឬទឹកធ្លាក់, ទេសចរណ៍ធម្មជាតិ។ រីឯចំណុចសំខាន់ៗនៅ ទឹកធ្លាក់ ថ្មដាតូច មានដូចជា៖ រៀបចំអាហារដោយខ្លួនឯង, លេងទឹកឬហែលទឹក, ទស្សនាទេសភាពព្រៃភ្នំ និងចំណុចផ្សេងៗទៀត។
បើយើងធ្វើដំណើរទៅកាន់តំបន់នោះ យើងប្រាកដជាបានធ្វើដំណើរលើវិថីពត់ពេន តាមជម្រាលភ្នំខ្ពស់ៗប្រាកដជាធ្វើឲ្យភ្ញៀវទេសចរទទួលបាននូវបទពិសោធន៏ថ្មីៗ។ សូមបញ្ជាក់ទីនោះ មិនទាន់មានការលើកស្លាកសញ្ញាសម្គាល់ជាតម្រុយឲ្យងាយស្រួលដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរនៅឡើយទេ។ ដូចច្នេះហើយភ្ញៀវទេសចរដែលប្រាថ្នាទៅលេង ចាំបាច់ត្រូវសួរអ្នកភូមិតាមផ្លូវដើម្បីកុំឲ្យវង្វេងផ្លូវ។
ភ្ញៀវទេសចរនឹងបានឃើញ ទឹកហូរលើជម្រាលថ្មជាដំណាក់ៗ ដូចជាកាំជណ្ដើរ ដែលផ្ដល់ភាពងាយស្រួលក្នុងការងូតទឹកកម្សាន្ដដល់ភ្ញៀវទេសចរ ជាមួយនឹងទេសភាពព្រៃព្រឹក្សាដែលកម្ររកបាន។ នៅពេលដែលភ្ញៀវទេសចរបានទៅដល់ទីនោះ ភ្ញៀវទេសចរនឹងបានឃើញទឹកហូររឹមៗ លើកម្រាលថ្មរាបស្មើ និងពេលដើរចុះទៅតាមខ្សែទឹកធ្លាក់ខាងក្រោមដែលកំពុងហូរជាថ្នាក់ៗនោះ ភ្ញៀវទេសចរនឹងទទួលបាននូវអារម្មណ៏ស្រស់ស្រាយជាក់ជាមិនខានឡើយ។ ក្រៅពីការងូតទឹកដ៏សែនត្រជាក់ នៅមានការគយគន់ព្រៃព្រឹក្សា ឮសូរសំឡេងសត្វព្រៃយំខ្ញៀវខ្ញារថែមទៀតផង។
ទឹកធ្លាក់ថ្មដាតូចនេះមាន ២ដំណាក់ ដែលដំណាក់ខាងលើជាទីឋានសម្រាប់ងូតទឹកលេងកម្សាន្ត ដោយសារដំណាក់នេះ មានទឹកធ្លាក់ហូរលើជម្រាលជាថ្នាក់ៗ ដូចកាំជណ្តើរ។ រីឯ ដំណាក់ខាងក្រោមវិញ វាជាល្បាក់ទឹកធ្លាក់ដែលកម្ពស់ប្រហែលជាជិត ១០ម៉ែត្រ សម្រាប់ឲ្យភ្ញៀវទេសចរណាដែលចង់ហែលទឹកលេងកម្សាន្ត ប្រភពអត្ថបទ:សិត ប៊ុនថេង.

