ចំពោះលោកឧកញ៉ា សឺន គុយ មានមាឌធំដំបង ខ្ពស់ សម្បុរសណ្តែកបាយ មានទឹកមុខសស្អាត ផ្ទៃថ្ងាសធំទូលាយ សក់ស្រឡូតរាបស្មើទៅក្រោយ។ លោកជាវីរជនម្នាក់មានចិត្តក្លាហានគ្រប់កិច្ចការទូទៅ ហើយបានចូលបម្រើជាតិតាំងពីអាយុ២០ឆ្នាំ។ រដ្ឋាភិបាលបានតែងតាំងងារជូនលោកឧកញ៉ាសេនាបតី សឺន គុយ ជាអភិបាលខេត្តព្រះត្រពាំង។ វីរជនរូបនេះ បរិបូរណ៍ទៅដោយគុណសម្បត្តិ ចរិយាសម្បត្តិ សុភាពរាបសា ស្គាល់តូចស្គាល់ធំ ហើយជាទីគោរពរាប់អានរបស់បណ្តារាស្រ្តខ្មែរគ្រប់ជាន់ថ្នាក់។
តាំងតែពីលោកបានកាន់តំណែងជាអភិបាលខេត្តមក លោកមិនសូវបានសំរាកទេ ព្រោះតែគិតរឿងប្រយុទ្ធជាមួយយួន។ លោកតែងតែអប់រំប្រជារាស្រ្តឱ្យដើរទៅរកផ្លូវសុភមង្គល ស្រឡាញ់ជាតិសាសនា ចង់ឃើញពីសាមគ្គីភាព និងមេត្រីភាពរបស់ខ្មែរនិងខ្មែរ។ .ឧកញ៉ាសឺន គុយ ប្រមុខខេត្តគំរូ ក្នុងខេត្តនីមួយៗមានចៅហ្វាយខេត្តខ្មែរម្នាក់ ជាអាណាព្យាបាលមើលការខុសត្រូវ។អ្នកចងក្រងសៀវភៅឯកសារប្រវត្តិសាស្រ្តគឺលោក កែវ សុវត្ថិ បានលើកយកខេត្តមួយក្នុងចំណោមខេត្តទាំង១៧ខាងលើ មកបកស្រាយដើម្បីជាឯកសារដាស់ស្មារតីកូនខ្មែរជំនាន់ក្រោយទាំងអស់ ឱ្យចាប់អារ្មណ៍ពីប្រវត្តិជូរចត់របស់បុព្វបុរសជំនាន់មុន ដែលបានតស៊ូក្រាញននៀលដើម្បីការពារទឹកដី ព្រះពុទ្ធសាសនា និងសិទ្ធិសេរីភាពរបស់ប្រជាជនខ្មែររាប់សែននាក់ក្នុងទីរួមខេត្តព្រះត្រពាំង ដែលមានលោកឧកញ៉ា សឺន គុយ ជាចៅហ្វាយខេត្ត។ សម័យឧកញ៉ា សឺន គុយ ជាសម័យប្រើកាំបិត ពូថៅ ដាវ លំពែងជាអាវុធ ហើយយកសេះ ដំរីជាយានជំនិះ នៅពេលស្រុកមានសង្រ្គាមឈ្លានពានម្តងៗ
ដោយ សិត ប៊ុនថេង។

