លោក ជីវ តាក្វាន់ គឺជាបេសកទូតចិនដែលបានមកទស្សនកិច្ចនៅប្រទេសកម្ពុជានាចុងសម័យអង្គរ និងបានសរសេរកំណត់ត្រា «ប្រពៃណីនៃអ្នកស្រុកចេនឡា» ដែលជាឯកសារដ៏សំខាន់ក្នុងការសិក្សាអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ តើអ្នកដឹងទេថា លោក ជីវ តាក្វាន់ បានមកទស្សនកិច្ចនៅអង្គរនៅអំលុងឆ្នាំណា និងបានធ្វើអ្វីខ្លះក្នុងពេលស្នាក់នៅក្រុងអង្គរ? លោក ជីវ តាក្វាន់ ក្នុងភាសាចិនហៅថា ចូវ តាហ្គ័ន (Zhou Daguan) កើតនៅឆ្នាំ១២៦៦ និងបានទទួលមរណភាពនៅឆ្នាំ១៣៤៦។ លោកគឺជាមន្ត្រីបេសកទូតរបស់រាជការយ័ន (ម៉ុងហ្គោល) ដែលគ្រប់គ្រងប្រទេសចិននាសម័យនោះ ដោយស្ដេចរបស់លោកគឺព្រះចៅអធិរាជទីមួរខាន់ (Temür Khan) ខណៈនៅក្នុងភាសាចិនហៅថា អធិរាជឆឹងចុង (Emperor Chengzong of Yuan)។ ស្ដេចទីមួរខាន់នេះបានឡើងសោយរាជ្យនិងគ្រប់គ្រងប្រទេសចិនបន្ទាប់ពីព្រះចៅអធិរាជគូប៊ីឡៃខាន់ (Kublai Khan)។

