លោកឧញ៉ាសន្ធរវោហារម៉ុក

S
ឧកញ៉ាសន្ធរវោហារ ម៉ុក ត្រូវបានគេស្គាល់ថា ជាកវី និងជាអ្នកនិពន្ធដ៏ឆ្នើម ខាងកាព្យឃ្លោង។ លោកកើតនៅក្រុងឧដុង្គ ឆ្នាំ១៨៤៦ ឪពុកលោកជានាម៉ឺនក្នុងព្រះបរមរាជវាំង (ឧដុង្គ) តែកុមារភាពរបស់លោក កម្សត់ក្រៃលែង ព្រោះត្រូវ​វៀតណាម​​​កែន​​ចេញ​​ពី​​ទឹកដីខ្មែរ អស់ពេលជាយូរឆ្នាំ។ ឯលោក ក៏ត្រូវបានលោកគ្រូព្រះមហារាជធម្ម ព្រះនាម អន មានព្រះទ័យករុណា យកកុមារកំព្រារូបនេះ ដែលទើបតែមានអាយុ ១១ឆ្នាំ ទៅនៅវត្តនិងបង្ហាត់បង្រៀនអក្សរខ្មែរ។

កុមារ ម៉ុក មានចិត្តព្យាយាមរៀនសូត្រណាស់ ជាអ្នកពូកែកាព្យឃ្លោងយ៉ាងស្ទាត់ជំនាញ និងតែងត្រូវបានព្រះបាទសម្តេចព្រះនរោត្តម បង្គាប់ឱ្យចូលគាល់ជាញឹកញាប់ ដើម្បីអានសាស្ត្រាឱ្យទ្រង់ព្រះសណ្តាប់។ ដោយសារតែសមត្ថភាព និងមានកិត្តិសព្ទល្បីល្បាញខាងកាព្យឃ្លោង ច្បាប់ទម្លាប់ផ្សេងៗ ព្រះបាទសម្តេចព្រះនរោត្តម ប្រោសព្រះរាជទានយសសក្តិ និងគោរម្យងារជា ឧកញ៉ាសន្ធរវោហាចាងហ្វាងរោងពុម្ព ហើយក្រោយមកទៀត ក៏បានឡើងជាមេឃ្លាំងច្បាប់។ ទ្រង់សព្វព្រះទ័យ នឹងភាពប៉ិនប្រសប់របស់ ឧកញ៉ាសន្ធរវោហា ម៉ុក ខ្លាំងណាស់ ក្នុងការតែងកាព្យឃ្លោង បានយ៉ាងល្អវិសេសគ្រប់យ៉ាងតាមព្រះរាជបំណងរបស់ទ្រង់បាន ព្រោះថា លោកមានវោហារ ជាពាក្យកាព្យ បានយ៉ាងងាយដូចពាក្យធម្មតា និងអាចតែងកាព្យសរសើរ កំប្លែង ឬពីអ្វីមួយបានភ្លាមៗ។ លើសពីនេះ លោកបានតែងសាស្ត្រាប្រលោមលោកជាច្រើន ​និងក៏ជាគ្រូបង្រៀន ដែលមានស្នាដៃ ខាងអក្សរសាស្ត្រច្រើនផងដែរ។

កវីសន្ធរម៉ុក ឬ ឧកញ៉ា​សន្ធរវោហារម៉ុក ជា​រាជកវីរបាក្សត្រ​វិទូ ដែល​គេ​ស្គាល់​ជាងគេនា​សតវត្ស​ទី​១៩។ ឧកញ៉ាសន្ធរវោហារ ម៉ុក ទទួលមរណភាពនៅក្រុងភ្នំពេញ ក្នុងឆ្នាំ១៩០៨ ។ មុន​ពេល​លាចាក​លោក​នេះ​ទៅ លោកបានបន្សល់ទុក​នូវ​កូនដ៏​ឆ្នើម ​៥រូប ក្នុងចំណោមនោះ កូនទី​៣ ​ជា​អ្នក​ស្នង​តំណែង​របស់​​លោក​ផ្នែក​​តែង​​និពន្ធ។

ដើម្បីរំលឹកដល់កិត្តិសព្ទវោហារសាស្ត្ររបស់លោកគេក៏បានយកឈ្មោះលោកទៅដាក់ជាឈ្មោះវិទ្យាល័យមួយនៅតាម បណ្ដោយផ្លូវកម្ពុជាក្រោម ហៅថា វិទ្យាល័យសន្ធរម៉ុក និងដាក់ឈ្មោះវិថីមួយហៅថា វិថីសន្ធរម៉ុក ដូចគ្នា៕

Comments