ប្រភេទ អំបូរសត្វដំរី អាសុី

S

យោងតាមទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ចំនួនសត្វដំរី នៅកម្ពុជា មានតិចតួច និងមាន​ជម្រក ស្ថិតនៅភូមិភាគឦសាន និរតី (ជួរភ្នំក្រវាញ) និងភូមិភាគខាងជើង។ វាជាប្រភេទសត្វជិតផុតពូជ (EN) លើពិភពលោក ហើយត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។ ពួកវាភាគច្រើន រស់នៅតាមតំបន់ព្រៃ​ល្បោះ វាលស្មៅ ព្រៃឫស្សី ព្រៃជាំទឹកតាមដងអូរ ព្រៃពាក់កណ្ដាលស្រោង ព្រៃស្រោង និងមានប្រភពទឹកគ្រប់​គ្រាន់ ដូចជា ថ្លុក ត្រពាំងបឹង ព្រែក ស្ទឹង ឬទន្លេ។

ដំរីជាសត្វចតុប្បាទ មានមាឌធំជាងគេបំផុត អាចមានទម្ងន់រហូតដល់ ៥-៦ តោន និងមានអាយុរហូតដល់ជាង ១០០ ឆ្នាំ មានប្រមោយវែង ស្បែកក្រាស់ពណ៌ប្រផេះ និងមានរោមជាសសៃរឹងៗ ស្លឹកត្រចៀកស្តើង មានរាងដូច​ផ្លិត ដំរីញីមានភ្លុក “ចៃ” ដែរ តែមិនបញ្ចេញឱ្យឃើញច្បាស់ ដូចដំរីឈ្មោលទេ ។ ភ្លុកដំរីឈ្មោលមួយចំនួន អាច​មាន​ប្រវែងរហូតដល់ ១ម៉ែត្រ ហើយវាមានក្រចកម្រាមជើង ចំនួន១៨ គឺជើងមុខនីមួយៗ មានក្រចកម្រាម​ជើង៥ និងក្រចកជើងក្រោយ នីមួយៗ មានម្រាម៤ តែក៏មានដំរីមួយចំនួន មានក្រចក ម្រាមជើងរហូតដល់ ២០ ដែរ។

        ដំរី វាផឹកទឹករហូតដល់ ១៥០-២០០ លីត្រ ក្នុងមួយថ្ងៃ និងស៊ីសម្បកឈើ ស្លឹកឈើ ផ្លែឈើ មើមឈើ ឫសឈើ​ខ្ចីៗ ទំពាំងឫស្សី ផ្តៅ វល្លិ៍ ព្រមទាំងចូលចិត្តស៊ីដីច្រាបផងដែរ។ ដំរី អាចមានកូន១ ឬភ្លោះ (ប៉ុន្តែកម្រណាស់) ដោយពពោះរយៈពេល ២១ខែ (យូរបំផុត ២៥ខែ) និងអាចបង្កើតកូនបាន ៤-៥ ដង រហូតដល់វាអាយុ ៥០-៧០ ឆ្នាំ។

        ដំរីឈ្មោលចុះប្រេង អាចសម្គាល់បាន នៅពេលឃើញមានសារធាតុរាវម្យ៉ាង ហូរចេញពីរន្ធមួយ ស្ថិតនៅចន្លោះ​ត្រចៀក និងក្នែក ដែលជាទូទៅ នៅក្នុងអំឡុងខែវិច្ឆិកា និងខែធ្នូ។

        ដំរីនៅតំបន់អាស៊ី ខុសពីដំរីតំបន់អាហ្វ្រិក ដោយសារមាឌ និងស្លឹកត្រចៀក មានទំហំតូចជាង ហើយដំរីអាស៊ី​មាន​ខ្នង​ស្ទើររាបស្មើ ខុសពីដំរីអាហ្វ្រិក ដែលមាន ខ្នងកោង ជាទួលខ្ពស់ឡើងលើស្រាវជ្រាវអត្ថបទ.សិត ប៊ុនថេង។

Comments