អត្ថន័យនៃជីវិតរស់នៅ គឺខណៈនេះ
ពួកគេសួរខ្ញុំថា ៖ តស់!! ផឹកស្រា ស្តាប់ភ្លេងទេ?
ខ្ញុំបបួលគេថា ៖ ចង់ស្តាប់ធម៌ទេ?
ពួកគេសើច... ហើយខ្ញុំសើចខ្លាំងជាងពួកគេ ។ វាជារឿងដែលគួរឱ្យធុញទ្រាន់សម្រាប់មនុស្ស ដែលត្រូវចំណាយពេលស្តាប់ស្រ្តីម្នាក់និយាយតែពីរឿងធម៌ ។
ជាក់ស្តែង ខ្ញុំមិនដែលជជែករឿងធម៌ឱ្យពួកគេទេ ព្រោះខ្ញុំឃើញថា សច្ចធម៌សម្រាប់ពួកគេ ថោកជាងស្រាមួយកែវដែលគេផឹក ។
ធម្មជាតិ គឺអាចនាំមនុស្សមកកាន់បច្ចុប្បន្នកាលបានច្រើនជាងហ្វូងមនុស្ស ព្រោះធម្មជាតិតែងបង្កប់ភាពស្ងាត់ជារបស់ខ្លួន ។
មនុស្សនាំអ្នកទៅកាន់ភាពអ៊ូអរនៃចិត្តគិត នាំជជែក នាំសើច... មិនថាក្នុងរូបភាពបែបណា អ្នកទទួលដឹងថា អ្នកអស់កម្លាំង និង ល្វើយ ។
ចំណាយពេលដើម្បីនៅជាមួយធម្មជាតិនិងខ្លួនឯងឱ្យបានច្រើន ព្រោះតម្លៃនៃជីវិតរស់នៅសម្រាប់ពួកយើង ពិតជាមានតម្លៃជាងនេះ មិនមែនប៉ុណ្ណេះដូចជាការយល់ឃើញនោះទេ ។

