ម៉ាក់ៗជាច្រើនប្រាកដជាធ្លាប់ឮចាស់ៗមិនឲ្យកូនងូតទឹក អំឡុងពេលក្ដៅខ្លួន ឬការងូតទឹកយូរ ព្រោះអាចបណ្ដាលឲ្យទឹកចូលទៅក្នុងសួត។ សម្រាប់ចម្ងល់នេះត្រូវបានលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បដិសេធថា មិនមែនជាការពិតឡើយ។
លោកបានបន្តទៀតថា ទឹកចូលសួត បណ្ដាលមកពីខ្លួនយើងជ្រាបជាតិទឹកតាមសរសៃឈាមឬដោយជំងឺណាមួយ ដែលបណ្ដាលឲ្យជាតិទឹកទាំងនោះជ្រាបចូលទៅដក់ក្នុងថង់ខ្យល់របស់សួត ធ្វើឲ្យហត់ខ្លាំង។ មូលហេតុមួយទៀតអាចបណ្ដាលមកពីខ្សោយបេះដូងនាំឲ្យការច្របាច់ឈាមមិនបានល្អ ដែលជាហេតុធ្វើឲ្យជាតិទឹកច្រាលមកក្នុងសួត ហើយម្យ៉ាងមកពីបញ្ហាខ្សោយតម្រងនោមខ្លាំងរហូតមិនអាចបញ្ចេញជាតិទឹកបាន ក៏ធ្វើឲ្យច្រាលទឹកមកសួតដែរ។
ចំណែកការងូតទឹកឲ្យកូនយូរ ឬងូតទឹកពេលក្ដៅខ្លួនមិនមែនជាហេតុនាំឲ្យទឹកចូលសួតឡើយ ពោលពេលក្ដៅខ្លួននេះហើយ ត្រូវងូតទឹកឲ្យបានច្រើនដង ដើម្បីជួយបញ្ចុះកម្ដៅក្នុងខ្លួន បន្ទាប់មកស្លៀកសម្លៀកបំពាក់ស្ដើងៗ។
ជាទូទៅគ្រូពេទ្យអាចដឹងថា ទឹកចូលសួត ឬអត់ តាមរយៈការស្តាប់សួត ថតសួតដោយកាំរស្មីអិច ឬអេកូសួត និងជួនកាលអាចស្កេនសួត ហើយភាគច្រើនតម្រូវឲ្យមានការបូមទឹកស្រោមសួតដើម្បីវិភាគអមវេជ្ជសាស្រផ្សេងៗ។

