បើរូបសម្លេង ក្លិនរស ជារបស់លោកនេះគេមិនអាចយកទៅបានដដែល ហេតុនេះការជាប់ប្រកាន់ចង់បាន ការអាល័យគឺជាទុក្ខ ទើបព្រះពុទ្ធត្រាស់ពន្យល់ថា ឧបាទាន(ការជាប់ប្រកាន់)គឺជាទុក្ខ ដើម្បីបានសុខគេត្រូវចេះព្រលែងចោលវិញ ឃើញរូបត្រឹមតែឃើញហើយព្រលែងចោល ឮសម្លេងត្រឹមតែឮហើយព្រលែងចោល គិតហើយត្រឹមតែគិតរួចព្រលែងចោល ដឹងក្លិនដឹងរសហើយព្រលែងចោល កុំទោមនស្សកុំអាល័យ ចំពោះរបស់ដែលខ្លួនយកមិនបានទាំងនោះ ! អ្នកដែលកើតទុក្ខចង់បានផ្កាយ ព្រះអាទិត្យ ព្រះច័ន្ទ គឺជាមនុស្សល្ងង់(អវិជ្ជា) អ្នកដែលមិនចេះព្រលែងចោលអារម្មណ៍ទាំង៦ គឺជាកូនបំណុលរបស់ផែនដី អ្នកដែលចេះព្រលែងចោលអារម្មណ៍ទាំង៦ទើបជាអ្នកបានរួចខ្លួន ! ។ នេះជាមេរៀនព្រះអរហន្ត ប៉ុន្តែបុថុជ្ជនដែលមានទុក្ខត្រូវតែរៀនប្រើដើម្បីចម្លងជីវិតឲ្យរួចផុតពីការប្រកាន់ភ្ជាប់ គេលះការប្រកាន់តាមផ្លូវចិត្ត តែការងារនិងការរស់នៅតែងប្រព្រឹត្តិទៅជាធម្មតាទេ មិនមែនត្រូវរត់ចោលការលំបាកហើយនិយាយថាពូកែលះនោះទេ ។

