ការតាមមើលចលនាចិត្ត ៖
នៅពេលខ្ញុំទទួលបានការសរសើរ បើដឹងថាសេចក្តីសប្បាយចិត្តចង់ក្លាយជាអំនួតនិងសេចក្តីព្រហើន ខ្ញុំឆាប់រំងាប់វាហើយកំចាត់វាចេញភ្លាម ។ នៅពេលទទួលបានការស្តីបន្ទោស ការរិះគន់ ពេលដឹងថាទឹកចិត្តបានធ្លាក់ចុះ ឬ កំហឹងរកកលចង់ផ្ទុះឡើង ខ្ញុំឆាប់រំងាប់ចិត្តដោយការពន្យល់លើកទឹកចិត្តខ្លួនឯង និងគ្រប់គ្រងកំហឹងឲ្យបាន ។នៅពេលខ្ញុំបានជួបបញ្ហាធំៗ ល្វីងជូរចត់ដោះស្រាយមិនចេញ ខ្ញុំលួងលោមខ្លួនឯងថា នេះជាមេរៀនដែលត្រូវសិក្សា នេះជាការងារដែលត្រូវបំពេញយកបទពិសោធឲ្យបាន លោកនេះមិនមែនជារបស់យើងទេ សិក្សារួចហើយយើងនឹងទៅកាន់ពិភពធម្មជាតិវិញទេ ។ ពេលខ្លះត្រូវទទួលការប្រមាទពីអ្នកដទៃសឹងសន្លប់ តែខ្ញុំមានស្មារតីដាស់តឿនខ្លួនឯងថា យើងជាអ្នកប្រាថ្នានិព្វានទេ ! តើយើងនៅមកទាស់ មកឈឺចាប់អីត្រឹមពាក្យសម្តីដែលហូរចេញពីមាត់មនុស្សដែលគ្មានការអប់រំចិត្តនោះ ? អំពើអាក្រក់របស់គេគឺជាផលកម្មរបស់គេ ការប្រតិកម្មចិត្តរបស់យើងគឺជាផលកម្មរបស់យើង ! ពេលខ្លះក៏ភាវនា ពុទ្ធោៗ ដើម្បីបង្វែរការគិត ។ ចាំណា ! ពាក្យពុទ្ធោៗនេះ ត្រូវបានស្ត្រីម្នាក់យកមកអនុវត្តដើម្បីទប់ទល់ភាពវិកលចរិតរបស់គាត់អស់២២ឆ្នាំ ទើបគាត់លាចាកលោកនេះទៅ ! ។ ពាក្យពុទ្ធោៗនេះ ក្នុង ៤អសង្ខ័យមួយសែនផែនដីទើបបានកើតឡើងម្តង ! ជាកម្លាំងចិត្ត ជាបារមីពាក្យ បានជួយមនុស្សច្រើនអនេក ! ។ ត្រូវយល់ពីហេតុផលរបស់ចិត្តដែលវាបានកើតឡើង ចិត្តខ្លះគ្មានប្រយោជន៍អ្វីចំពោះយើងទាល់តែសោះ វាគ្រាន់តែមកបំផ្លាញយើងទេ ។ កុំឲ្យអាកប្បកិរិយានិងពាក្យសម្តីអ្នកដទៃមកបំផ្លាញចិត្តស្ងប់យើងបានឲ្យសោះ ! ។ កុំថាក្មេងសម័យនេះពិបាកមែនទែន ! តាមពិតមនុស្សចាស់ក៏ពិបាកដូចគ្នាដែរពិបាកជាងក្មេងទៅទៀតផង ឲ្យតែគ្មានការអប់រំចិត្ត ។ មនុស្សឲ្យតែគ្មានស្មារតីភ្ញាក់រលឹកក្នុងការអប់រំចិត្តហើយ កុំស៌ូនៅជាមួយអី ថយចេញឲ្យឆ្ងាយទៅ ! ផលវិបាកនេះគេគង់តែបានជួបដោយខ្លួនគេទេ ! ។

