ខ្យល់ ពពក និងទឹកភ្លៀងម្នាក់ៗប្រឹងបំពេញកិច្ចរបស់ខ្លួនដោយមិនខ្វល់ពីការគិតរបស់អ្នកដទៃចំពោះវាឡើយ ។ យូរណាស់ពីរឬបីថ្ងៃពាក្យសម្តីរិះគន់វាយតំលៃទាំងនេះសាបរលាបឯង ផ្ទុយទៅវិញបើយើងនៅតែតបតនឹងពាក្យសម្តីទាំងនោះ រយះពេលអកុសលកើតឡើងសឹងរាប់ប្រមាណមិនបានឡើយ។ព្រះធម៌ជួយពន្យល់ពីវិធីរំដោះខ្លួនចេញពីទុក្ខវេទនាតាមផ្លូវចិត្ត មានបីតំណាក់កាល៖
១ - ត្រូវយល់ពីហេតុផលនៃចិត្តល្អ ចិត្តអាក្រក់ដែលខ្លួនមាន ហើយមិនត្រូវប្រកាន់ថាវាជារបស់ខ្លួន ចាត់ទុកវាត្រឹមតែជាធម្មជាតិ រួចហើយវិនិច្ឆ័យវាដោយមិនលំអៀងពីគុណនិងទោសរបស់វា។
២ - ក្រោយពីបានយល់ពីទុក្ខទោសរបស់ចិត្តអាក្រក់ហើយ ត្រូវស្វែងរកវិធីបន្សាបឬវិធីផ្លាស់ប្តូរវាចេញ ដោយគ្រាន់តែអប់ចំរើនចិត្តមួយដែលបដិបក្ខនឹងចិត្តមួយទៀត នាំឲ្យចិត្តមួយទៀតរលត់ « ធម៌មួយកើត ធម៌មួយទៀតរលត់ » ឧ ពិចារណាពីអ្វីៗមិនទៀង នាំឲ្យថយលោភៈ ពិចារណាអ្វីៗជាទុក្ខនាំឲ្យថយទោសៈ ពិចារណាអ្វីៗប្រព្រឹត្តិទៅតាមហេតុបច្ច័យ បង្គាប់បញ្ជាមិនបាន មិនឋិតក្រោមអំណាច នាំឲ្យថយភាពវង្វេងក្នុងលោក ថយការមានះប្រកាន់ជាដើម ពិចារណាឲ្យច្រើនហៅថាជាការចំរើនឬ ភាវនា ។
៣ តំណាក់កាលទីបីគឺជាវិធីប្រតិបត្តិតែម្តង ដែលត្រូវតស៌ូប្រយុទ្ធយ៉ាងស្វិតស្វាញដើម្បីជួយស្រោចស្រង់ខ្លួនឯង ! គេអាចយកកម្មដ្ឋានអានាបាមកចំរើនអែបជាចន្លោះៗនៅពេលពិចារណាយូរនាំឲ្យហត់ឬនាំឲ្យរាយមាយចិត្ត។ដើម្បីឲ្យមានការផ្លាស់ប្តូរ គេត្រូវប្រតិបត្តិយ៉ាងម៉ត់ចត់ជាទីបំផុត មិនមែនជាការធ្វើលេងៗនោះទេ !

