១- កុំចាំបាច់ឈឺចាប់ជាមួយមនុស្សដែលនិយាយមិនចេះឈប់តែយកជាការមិនបាននោះអី ព្រោះគេគង់តែឈឺចាប់ដោយសារតែការនិយាយមិនបានគិតរបស់គេដោយខ្លួនឯងនៅថ្ងៃណាមួយទេ ។
២- មនុស្សអាក្រក់តែងស្អប់មនុស្សនិយាយការពិតជានិច្ច តើក្នុងលោកនេះមនុស្សអាក្រក់ពិតជាមានច្រើនជាងមនុស្សល្អពិតមែនទេ ?
៣- មនុស្សចេះតែចង់បានពាក្យសម្តីពិត ទាំងដែលគេមិនដឹងថាពិភពលោកនេះទាំងមូលគឺកំពុងរស់នៅក្នុងភាពកុហកនោះទេ ! លោកនៃបំរែបំរួល ។
៤- ទោះបីធម្មជាតិនៃពុទ្ធិមិនបានរងផលប៉ះពាល់ដោយភាពវង្វេងឬដោយស្នាមប្រឡាក់នៃភាពល្ងង់ខ្លៅក៏ដោយ វាដូចជាពពកដែលបិទបាំងជាបណ្តោះអាសន្ននូវពន្លឺថ្ងៃ ក៏មិនអាចលាក់បាំងលក្ខណះរបស់ព្រះអាទិត្យបានដែរ ដូចគ្នានេះដែរ ពុទ្ធិរបស់មនុស្សម្នាក់ៗសុទ្ធតែត្រូវបិទបាំងដោយគំនរចិត្តអាក្រក់ទាំងអស់ ។ ពន្លឺព្រះអាទិត្យនឹងបំភ្លឺឡើងនៅពេលដែលពពករសាត់ចេញ ពុទ្ធិឬបញ្ញារបស់មនុស្សសុទ្ធតែអាចសម្រេចការត្រាស់ដឹងបានដូចៗគ្នា គ្រាន់តែគេមិនចេះអភិវឌ្ឍវិធីនាំយកវាចេញមកប្រើតែប៉ុណ្ណោះ ។ ព្រះពុទ្ធជាស្តេចនៃអ្នកប្រាជ្ញបានរកឃើញពីបច្ចេកទេសអភិវឌ្ឍបញ្ញាដែលកើតចេញពីចិត្តស្ងប់ដ៏អស្ចារ្យ ដោយធ្វើឲ្យសម្រាមអារម្មណ៍ទាំងអស់រសាត់ចេញពីចិត្តផ្ទៃបាតតាមក្បួនសមាធិ ឲ្យដូចជាការវែកយកស្មៅចេញដើម្បីបានមើលឃើញភាពថ្លានៃទឹកនៅផ្ទៃខាងក្រោមដូច្នោះដែរ ។ ភាពថ្លានៅផ្ទៃបាតនោះគឺជាពុទ្ធិដែលមនុស្សមានគ្រប់ៗគ្នា គ្រាន់តែខុសគ្នាដោយគំនរអារម្មណ៍ដែលមានកំរាស់មិនដូចគ្នាតែប៉ុណ្ណោះ ។

