ពន្លឺផ្កាយមិនស្មើនឹងមួយភាគ១៦នៃពន្លឺព្រះច័ន្ទ តែពន្លឺព្រះច័ន្ទសូម្បីទាំងមូលមិនស្មើនឹងមួយភាគ១៦នៃពន្លឺផ្សាយចេញពីចិត្តស្ងប់ពេលផ្សាយមេត្តារបស់ព្រះអរិយៈទាំងឡាយដែរ ។ ការផ្សាយមេត្តាចិត្តមានពន្លឺចែងចាំងអស្ចារ្យណាស់ ផ្សាយចេញទៅមិនមានដែនកំណត់ឡើយ ។ ព្រះសម្មាសម្ពុទ្ធផ្សាយពន្លឺទៅលើដល់ជតាកាស(កណ្តាប់ចក្រវាឡ) ទៅក្រោមដល់អវចីមហានរក ទិសទទឹងទាំង៨រកកំណត់មិនបានឡើយ ។
របៀបផ្សាយមេត្តាៈ ពិចារណាពីទុក្ខសោករបស់សត្វលោកជាទូទៅ ដែលពោរពេញទៅដោយទុក្ខ ស្វះស្វែងរកអាហារនំចំណី រកការងារ គ្មានទីជំរក រូបកាយផ្ទុកទៅដោយជំងឺជាច្រើនប្រភេទដែលពុកផុយរាល់វិនាទី ជីវិតមិនទៀងដូចៗគ្នា រួមចាស់ រួមឈឺ រួមស្លាប់ ។ រួចហើយសាងរូបភាពដូចជាបាច់ពន្លឺជះចេញពីខ្លួន ទាំងភាវនាថា សព្វេសត្តាអវេរាហោន្តុ ! សូមសព្វសត្វកុំបីមានពៀរវេរានឹងគ្នា សូមបានក្តីសុខ ! ។ សូមរក្សាខ្លួនជាសុខ កុំបៀតបៀនគ្នា កុំបីវិនាសញាតិ វិនាសទ្រព្យជាទីស្រឡាញ់ សូមនៅជាសុខ ! ។ ផលអានិសង្សដែលទទួលបានមកខ្លួនឯងវិញគឺ ត្រជាក់កាយ ត្រជាក់ចិត្ត ដេកលក់ជាសុខ ភ្ញាក់ឡើងជាសុខ មិនសុបិន្តអាក្រក់ មនុស្សនិងទេវតាស្រឡាញ់រាប់អាន មិនស្លាប់ដោយសារអាវុធ ថ្នាំពិស ជាតិពុល មិនស្លាប់ក្នុងភ្លើង សត្វកាចសាហាវមិនបៀតបៀន មានអាយុវែងដោយទឹកចិត្តមេត្តាដ៏ត្រជាក់របស់ខ្លួន បើមិនទាន់អស់ការប្រកាន់ទេ រមែងបានកើតនៅព្រហ្មលោក ។

