ភាពងាយស្រួលក្នុងការទិញបារីលើទីផ្សារធ្វើឱ្យក្មេងមិនទាន់គ្រប់អាយុចាប់ផ្តើមជក់


នៅក្នុងទីផ្សារខ្មែរបច្ចុប្បន្ន ការចែកចាយ និងការលក់ដូរបារីហាក់មានភាពងាយស្រួលដែលបណ្តាលឱ្យក្មេងៗក្រោមអាយុ១៨ឆ្នាំមានឱកាសក្នុងការទិញប្រើប្រាស់ ព្រោះអ្នកលក់មួយចំនួនមិនសូវសួរនាំ ឬទាមទារអត្តញ្ញាណបណ្ណអ្វីឡើយ។ កត្តាមួយចំនួនទៀតដូចជាការចង់ឡូយឆាយ ភាពធុញថប់ ការជក់តាមគ្នាជាដើម។

កុមារា ដារ៉ា អាយុ ១៤ឆ្នាំ និយាយថា គេចាប់ផ្តើមសាកល្បងជក់បារីនៅពេលមានអាយុ១៣ឆ្នាំដោយសារមានមានអារម្មណ៍ធុញថប់ ឬស្ត្រេស។ ដារ៉ា និយាយថា ខ្លួនជក់បារីរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែខ្លាចប៉ះពាល់សុខភាពសួត។ 

ពេលដារ៉ាទៅទិញបារី អ្នកលក់ខ្លះបានសួរថាទិញឱ្យអ្នកណាឬគេប្រើមកទិញជំនួស ពេលខ្លះដារ៉ាឆ្លើយថា ទិញឱ្យគេ ហើយពេលខ្លះថាទិញជក់ខ្លួនឯង។ 

ដារ៉ាថា៖ «គេសួរតែប៉ុណ្ណឹង ហើយគេលក់ឱ្យយើងធម្មតា»។

យ៉ាងណាមិញ កុមារារូបនេះចាត់ទុកការជក់បារីថាជារឿងធម្មតា។

ចំណែកក្មេងស្រីអាយុ១៦ឆ្នាំ កញ្ញា ករុណា បានជក់បារីប្រមាណ២ឆ្នាំមកហើយ ឱ្យដឹងថា នាងចាប់ផ្តើមប្រើប្រាស់បារីកាលពីអាយុ១៤ឆ្នាំព្រោះតែបញ្ហាគិតច្រើនរឿងគ្រួសារបែកបាក់គ្នា បូករួមទាំងការចង់ដឹងចង់ស្គាល់ផងនោះ បានជំរុញឱ្យក្មេងស្រីរូបនេះប្រើប្រាស់បារីទាំងវ័យក្មេង។ 

ភាពងាយស្រួលរបស់ករុណាក្នុងការស្វែងរកទិញបារីមកជក់ គឺដោយសារជីដូនរបស់នាងជាអ្នកលក់ឥវ៉ាន់ចាប់ហួយ ទើបនាងមានឱកាសលួចបារីដែលជីដូនលក់យកទៅប្រើប្រាស់។

ករុណាបានប្រាប់ពីលទ្ធផលនៃការប្រើប្រាស់បារីធម្មតា និងឈានដល់ការប្រើប្រាស់បារីអេឡិចត្រូនិចរហូតមកដល់សព្វថ្ងៃនេះថា៖ «ខ្ញុំជក់ដល់ឥឡូវហ្នឹងវាមានអាការៈឆាប់ហត់ ហើយញ័រដៃញ័រជើង»។

អ្នកលក់បារីម្នាក់សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា បច្ចុប្បន្នសម្បូរក្មេងអាយុ១៤ ទៅ១៥ឆ្នាំ មកទិញបារីពីកន្លែងអ្នកស្រីលក់ណាស់ ប៉ុន្តែក៏មានក្មេងតូចជាងហ្នឹងមកទិញដែរ។

អ្នកស្រីថា៖ «ឥឡូវមានក្មេងតូចជាងហ្នឹងទៀត សម្បូរក្មេងតូចៗទៀតតែខ្ញុំអត់លក់ឱ្យទេ បើអាយុ ១៤ ទៅ១៥ឆ្នាំ ខ្ញុំលក់»។

អ្នកស្រីបន្ថែមក្មេងៗដែលមានអាយុតិចជាង១៤ឆ្នាំទាំងនោះទិញយកទៅប្រើប្រាស់ខ្លួនឯង។

អ្នកស្រីថា៖ « វាទិញជក់ខ្លួនឯង ជក់ហើយវាសុំដែកកេះយើងអុជតែម្តង ពេលខ្លះយើងស្តីឱ្យញឹក វាថាទិញឱ្យបង វាអត់អុជហ្នឹងទេ វាយកទៅមាត់ទន្លេអុជជក់»។

បើតាមរបាយការណ៍សុខាភិបាលសាធារណៈដែលសង្ខេបលទ្ធផលស្រាវជ្រាវជាច្រើនអំពីការប្រើប្រាស់បារីនៅក្នុងយុវវ័យ របស់មជ្ឈមណ្ឌលសហរដ្ឋអាមេរិកសម្រាប់ការគ្រប់គ្រង និងការពារជំងឺ (CDC) បានឱ្យដឹងថា ការជក់បារីទាំងវ័យក្មេងអាចបណ្តាលឱ្យសួតលូតលាស់យឺត ដកដង្ហើមខ្លីៗ រាង្គកាយចុះខ្សោយ មានបញ្ហាបេះដូង និងអាចបង្កឱ្យដាច់សសៃឈាមទាំងវ័យក្មេង។ របាយការណ៍ដដែលបន្ថែមថា ការជក់បារីជារឿយៗអាចផ្សារភ្ជាប់ជាមួយនឹង ការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន អំពើហិង្សា និងសកម្មភាពផ្លូវភេទផ្សេងៗ។

លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជាបានឱ្យដឹងថា តាមច្បាប់មាត្រា១៥ ស្តីពីការត្រួតពិនិត្យការផលិតថ្នាំជក់ ការលក់ និងចែកចាយផលិតផលថ្នាំជក់គ្រប់ប្រភេទដល់ជនដែលមានអាយុក្រោម១៨ឆ្នាំ និងស្ត្រីមានគភ៌ត្រូវហាមឃាត់។ ផ្ទុយទៅវិញលោកសង្កេតឃើញថា ក្មេងក្រោមអាយុ១៨ឆ្នំាអាចទិញបារីបានដោយមិនមានសួរនាំអាយុ ឬកាតសម្គាល់ខ្លួនគាត់ទេ។

លោកថា៖ «ប៉ុន្តែចំពោះក្មេងដែលមានអយុក្រោម១៨ឆ្នាំផលប៉ះពាល់របស់វានឹងកាន់តែមានច្រើនជាងមនុស្សពេញវ័យ ដោយសារក្មេងអាយុក្រោម១៨ឆ្នាំ ខួរក្បាលរបស់គាត់នៅបន្តការលូតលាស់ សរីរាង្គដទៃទៀតក្នុងរាង្គកាយគាត់កំពុងលូតលាស់ អ៊ីចឹងនៅពេលដែលជក់បារីគឺបង្អាក់ការលូតលាស់របស់ខួរក្បាលគាត់ អ៊ីចឹងគាត់លូតលាស់ខួរក្បាលមិនពេញមិនឆ្លាតវាងវៃ ហើយសរីរាង្គដទៃក៏ទទួលរងផលប៉ះពាល់ដូចគ្នា»។

លោកបន្ថែមថា ដើម្បីបង្ការក្មេងៗកុំឱ្យជក់បារីបាន ទីមួយភាគីពាក់ព័ន្ធគប្បីធ្វើយ៉ាងណាកុំឱ្យមានការលក់បារីជុំវិញបរិវេណគ្រឹះស្ថានអប់រំ លុបបំបាត់ការផ្សាយពាណិជ្ជកម្មបារី និងគ្មានការលក់រាយបារីដែលអាចឱ្យក្មេងៗមានលទ្ធភាពអាចទិញបានជាដើម។

BrightKhmer មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោក គុយ វ៉ាន់នី បានទេ។

បើតាមអត្ថបទរបស់ស្ថាប័ន Génération sans Tabac ដែលចេញផ្សាយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ស្តីពីអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាបើកយុទ្ធនាការប្រឆាំងនឹងការលក់គ្រឿងស្រវឹង និងបារីដល់អនីតិជន បានប៉ាន់ប្រមាណថា នៅឆ្នាំ២០១៥ អ្នកជក់បារី៤០ភាគរយ ជាបុរសនៃប្រជាជនកម្ពុជា និង ៣,៦ភាគរយ គឺជាក្មេងជំទង់អាយុ១៣ ទៅ១៥ឆ្នាំ៕

Comments