តាំងតែពីក្មេងមក ខ្ញុំធ្លាប់ឃើញចាស់ៗឡើងត្នោត តែខ្ញុំមិនដែលដឹងថាដើមត្នោតមានប្រយោជន៍យ៉ាងណាខ្លះនោះទេ។ ពេលខ្ញុំធំឡើងទើបលោកអ៊ំចាស់ៗប្រាប់ខ្ញុំថា ដើមត្នោត មានប្រយោជន៍ណាស់សម្រាប់យើងជាអ្នកស្រែចំការ។
គាត់បានប្រាប់ខ្ញុំថា ដើមត្នោត ក្រៅពីគាបផ្កាយកទឹក គេអាចយកដើមវាទៅធ្វើទូក ធ្វើផ្ទះ ធ្វើរូបចម្លាក់ ធ្វើតុ ធ្វើទូ ធ្វើកៅអី និងធ្វើសម្ភារៈប្រើប្រាស់ក្នុងផ្ទះច្រើនមុខទៀតផង។
គាត់ប្រាប់ទៀតថា ស្លឹករបស់វាគេអាចយកទៅក្រងធ្វើជាកណ្តបទុកប្រក់ដំបូលផ្ទះ ជញ្ជាំងផ្ទះ ក្រងធ្វើស្មុកទុកដាក់បាយទៅស្រែ ធ្វើមួក ធ្វើកន្ទេល ជាដើម។ល។
រីឯផ្លែរបស់វា បើនៅខ្ចីគេយកទៅធ្វើម្ហូបបានច្រើនមុខណាស់ ជាពិសេសស្លកកូរ ឯសាច់ត្នោតខ្ចីគេអាចយកមកញ៉ាំភ្លាមៗក៏បាន ឬយកទៅធ្វើជាបង្អែមក៏បាន។ លើសពីនេះទៅទៀត គេអាចគាបផ្ការបស់វាយកទឹក ដើម្បីធ្វើជាភេសជ្ជៈដ៏ផ្អែមឆ្ងាញ់(ទឹកត្នោតផ្អែម) និងយកទឹកត្នោតនោះទៅឆ្នៃធ្វើជាគ្រឿងស្រវឹងទៀតផង(ទឹកត្នោតជូរ)។ បន្ថែមពីលើនេះ គេអាចយកទឹកត្នោតផ្អែមនោះទៅរម្ងាស់ធ្វើជាស្ករទៀតផង(ស្ករត្នោត)។
ចំណែកឯផ្លែទុំវិញ គេយកទៅធ្វើជានំចាហួយត្នោត នំបត់ត្នោត នំអាកោត្នោត ។ល។ លោកអ៊ំបានប្រាប់ទៀតថា នៅមានអាថ៌កំបាំងមួយទៀត ជារៀងរាល់ថ្ងៃគាត់បានរើសផ្លែត្នោតទុំទុកសម្រាប់ដុសលើខ្លួនគោ ព្រោះវាអាចជួយធ្វើស្បែក និងរោមគោមានពន្លឺភ្លឺរលោងល្អ។
គាត់ប្រាប់ថាបើរៀបរាប់លំអិតវិញ និយាយមួយថ្ងៃក៏មិនអស់ផង។
អត្ថបទនេះ ខ្ញុំបាទគ្រាន់តែសរសេរឡើងតាមការយល់ដឹងបន្តិចបន្ទួចរបស់ខ្ញុំបាទកាលនៅពីក្មេងតែប៉ុណ្ណោះ។
គួរពុំគួរសូមអធ្យាស្រ័យ! សូមអរគុណ!

