ផលកម្មដែលយើងបានធ្វើ បានហុចផលឲ្យយើងហើយ តើយើងត្រូវទៅចង្អុលមុខអ្នកណាឲ្យមកទទួលជំនួសយើងបាន? ទាំងយើងទាំងគេ តើមានអ្នកណាខ្លះដែលបានដឹងជាមុនថាខ្លួននឹងត្រូវជួបផលកម្មអ្វីនោះ?។មានគូស្វាមីភរិយាថ្មោងថ្មីមួយគូ ដែលមានការឆ្លងកាត់ឧបសគ្គសំបើមណាស់ទំរាំបានឈានដល់អាពាហ៍ពិពាហ៍ ចំណងដៃសុភមង្គលរបស់ពួកគេគឺកូនប្រុសដ៏ស្រស់ស្អាតមួយ ! កំពុងតែពេញស្រឡាញ់ ស្រាប់តែឪពុកត្រូវគ្រោះថ្នាក់ចរាចរឆក់យកជីវិតបាត់ទៅ ! អ្នកថាទៅមើលតើទំហំទុក្ខរបស់នាងជាភរិយាមានទំហំប៉ុណ្ណាទៅ? នាងសឹងតែលោតចូលភ្លើងតាមប្តីសំណព្វចិត្ត តែសំលេងកូនប្រុសបានអង្រួនទ្រូងជាម្តាយឲ្យខំទប់ចិត្ត ខំរស់ដើម្បីកូនដែលជាចំណងលោហិតរវាងប្តីសំឡាញ់និងនាង។ពេលការរស់នៅមានក្តីសុខ មិនត្រូវបំភ្លេចផលកម្មដែលដូចជាស្រមោលអន្ទោលតាមប្រាណ វារង់ចាំតែឪកាសដែលយើងមានក្តីប្រមាទនឹងអាលហុចផលឲ្យយ៉ាងវេទនាក៏មិនដឹង ហេតុនេះត្រូវខំរូតរះបំពេញកុសល បំពេញបុណ្យទុកឲ្យហើយ កុំចាំមានវិប្បិសារីយ៍ស្តាយក្រោយឲ្យសោះ ! ។

