កម្មចាស់នឹងចេញមុខឲ្យផលបានដូចម្តេច ? បើចេះរស់នៅក្នុងភាពរីករាយស្រស់ស្រាយ មិនគិតរឿងខ្វល់ខ្វាយច្រើន មានគំនិតវិជ្ជមានព្យាយាមធ្វើតែអំពើល្អ ពេលនោះកុសលកម្មដែលជាកម្មចាស់នឹងចេញមុខឲ្យផលគាំទ្រឲ្យកាន់តែរីកចំរើនឡើង មានហើយកាន់តែមានថែមទៀត គិតអីចេះតែត្រូវ (ឧបត្ថម្ភកកម្ម)។ផ្ទុយទៅវិញ បើការរស់នៅសន្សំតែរឿងរ៉ាវ គិតខ្វល់ខ្វាយស្មុុគ្រស្មាញច្រើន មិនព្យាយាមធ្វើអំពើល្អ ពេលនោះអកុសលដែលជាកម្មចាស់ មានឪកាសចេញមុខឲ្យផល នាំឲ្យបានជួបតែរឿងស៌យហើយស៌យទៀត ចេះតែហីនហោចខ្លោចចំរុះ ដុនដាបទៅៗ បើមិនចេះបង្វែរចិត្តផ្តោតមកគិតរឿងល្អ បង្កើតគំនិតវិជ្ជមានវិញទេ នឹងត្រូវកម្មចាស់ស្រូបទាញជាន់ពន្លិចបាត់ពីលោកនេះទៅជាមិនខាន។ចាំណា ! ភាពស្ងប់ស្ងាត់បានកើតឡើង ក្រោយពីគេបានអភិវឌ្ឍសេចក្តីស្រឡាញ់និងមេត្តាករុណាឲ្យចំរើនឡើងតែប៉ុណ្ណោះ ! មិនចាំបាច់សម្លាប់ខ្លួនទេ គ្រាន់តែសម្លាប់អតីតកាលដ៏ខ្មៅងងឹតរបស់អ្នក នោះអ្នកនឹងក្លាយជាមនុស្សថ្មីម្នាក់ទៀតហើយ ! ។
ស្តាប់ មើល គិត សាកសួរ ! ដើម្បីផ្សាំងចិត្ត ផ្សាំងកិលេសឲ្យស្លូត ឲ្យសុភាព ស្រូបយកពត៌មានវិជ្ជមានឬ ព្រះពុទ្ធដីកា យកមកអប់រំពេលដែលចិត្តមានរបួស។ពែនភ្នែនសមាធិវិភាគពិនិត្យមើលពត៌មាន(សមាធិប្រកបដោយវិតក្កៈវិចារៈ)ដែលខ្លួនបានទទួលមកពីមុន បើមិនល្អត្រូវលប់ចោលចេញ ត្រូវកាត់បន្ថយការស្រូបយកទិន្នន័យមិនល្អ បង្រួមការគិតឲ្យរួមតូច នេះជាវិធីផ្សាំងចិត្តងាយៗ ! ដើម្បីឲ្យចិត្តមានក្តីសុខ ឲ្យវាចេះព្រមរស់នៅជាមួយអ្វីដែលវាមាន។បើចិត្តក្តៅក្រហាយស្រាប់ហើយ ទៅមើល ទៅស្តាប់តែរឿងក្តៅក្រហាយ តើឲ្យវាត្រជាក់បានដូចម្តេចទៅ ? បើស្តាប់តែធម៌ ទៅមើលជីវភាពអ្នកប្រាថ្នាតិច ហើយបានធ្វើបុណ្យជាមួយពួកលោក នោះទើបចិត្តវាចេះត្រជាក់ទៅបាន។ហេតុអីពេលមានទុក្ខ ចាស់ៗ ឲ្យដើរស្រោចទឹកឲ្យបាន៧វត្ត ? ព្រោះក្រែងលោបានជួបលោកអ្នកដែលពូកែពន្យល់ឲ្យចេះរស់នៅនេះឯង !។ គិតទៅមើលថា តើចិត្តល្អរបស់យើងវាដែលចេះផ្តល់ទុក្ខទោសឲ្យយើងពីកាលណា មានតែចិត្តអាក្រក់ ចិត្តកាចមានះ ចិត្តប្រកាន់មាំ ចិត្តកំណាញ់ឬស្យា ចិត្តង៉ក់ ង ចិត្តទាមទារឲ្យគេធ្វើតាមយើងនេះទេតើ ដែលជាអ្នកធ្វើបាបយើងឲ្យក្តៅក្រហាយទាំងយប់ទាំងថ្ងៃនោះ ! ។ចង់បានក្តីស្រឡាញ់ ត្រូវបំបាត់ក្តីស្អប់ពីក្នុងចិត្ត មិនមែនតាមគុំគួនរករឿងគេនោះទេ ចង់បានក្តីសុខត្រូវចេះលះទុក្ខកង្វល់ ។ ទុក្ខកើតព្រោះចង់ៈ
ឲ្យតែនៅមានចង់គឺនៅតែមានទុក្ខ ចង់ឲ្យកូនធ្វើដូចចិត្ត ចង់ឲ្យប្តីធ្វើអ្វីៗតាមចិត្ត ចង់ឲ្យប្រពន្ធយល់ហើយធ្វើតាមចិត្ត ចង់បានឲ្យដូចចិត្ត ចង់ឲ្យគេផ្គាប់ផ្គន់តាមចិត្ត ចង់ឲ្យក្តៅ ចង់ឲ្យត្រជាក់ ចង់ឲ្យរហើយ ចង់ឲ្យភ្លៀង ! ឲ្យតែមានចង់គឺមួរម៉ៅក្តៅក្រហាយអន្ទះអន្ទែងនៅមិនសុខ បាយមិនឆ្ងាញ់ទឹកមិនស្រេកដេកមិនលក់ អ្នកណាមានចង់អ្នកហ្នឹងមានទុក្ខ។បើបាននិយាយហើយ បានថាបានធ្វើហើយ នៅតែមិនដូចចិត្ត សត្វលោកនឹងប្រព្រឹត្តិទៅតាមកម្មរៀងៗខ្លួនទៅ ឬ ត្រូវពិនិត្យការចង់របស់យើងឲ្យសមហេតុសមផលផង កុំចេះតែចង់ខុសរឿង បាយទើបតែដាក់ដាំភ្លាមក៏ចង់ឲ្យឆ្អិន នាំតែខ្លោចខានបរិភោគ អ្នកមានចិត្តស្ងប់គឺជាអ្នកថយចង់ ឬអស់ចង់ ទើបជីវិតគេរស់នៅមានក្តីសុខ! ។

