ការបាញ់ប្រហារនៅមន្ទីរពេទ្យអូក្លាហូម៉ា៖ ស្លាប់៤នាក់ និងរបួសជាច្រើននាក់
ប៉ូលិសបាននិយាយថា មនុស្ស៤នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Tulsa រដ្ឋ Oklahoma ។ មន្ត្រី អនុវត្ត ច្បាប់ បាន បញ្ជាក់ ថា ជន សង្ស័យ បាញ់ សម្លាប់ ក៏ ស្លាប់ ដែរ។ ក្រុមមន្ត្រីបាននិយាយថា ពួកគេនៅតែធ្វើការដើម្បីបោសសម្អាតបរិវេណនៃមន្ទីរពេទ្យ St Francis ដែលមុននេះ មានសេចក្តីរាយការណ៍ថាមានបុរសម្នាក់មានប្រដាប់ដោយកាំភ្លើង។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ អគ្គស្នងការរងប៉ូលិសលោក Jonathan Brooks បាននិយាយថា "ឥឡូវនេះយើងមានជនស៊ីវិល 4 នាក់បានស្លាប់ ហើយអ្នកបាញ់ប្រហារម្នាក់បានស្លាប់" ។ លោក បន្ត ថា ជន ដែលបាញ់ មិន ទាន់ ត្រូវ បាន គេ ស្គាល់ អត្ត សញ្ញាណ ដោយមាន ស្នាម របួស ដោយ គ្រាប់ កាំភ្លើង ដែល ត្រូវ គេ ជឿ ថា ជា ការ បាញ់ សម្លាប់ ខ្លួន ឯង។លោក បន្ត ថា ជន សង្ស័យ មាន កាំភ្លើង វែង មួយ ដើម និង កាំភ្លើង ១ ដើម នៅ កន្លែង កើត ហេតុ។
អនុប្រធាន Brooks បាននិយាយថាប៉ូលីសបានទទួលការហៅទូរស័ព្ទអំពីអ្នកបាញ់ប្រហារសកម្មម្នាក់នៅម៉ោង 16:52 ក្នុងស្រុក (20:52 GMT) ហើយបានមកដល់កន្លែងកើតហេតុក្នុងរយៈពេលបីនាទី។ បច្ចុប្បន្ន ក្រុមមន្រ្តីកំពុងសម្ភាសសាក្សីនៅទូទាំងអគារ រួមទាំងអ្នកដែលនៅជាន់ទីពីរផងដែរ ដែលជាកន្លែងការវាយប្រហារបានកើតឡើង។ ថ្លែងទៅកាន់ ABC News អនុសេនីយ៍ឯក Richard Meulenberg បាននិយាយថា នៅពេលប៉ូលីសទៅដល់បរិវេណពេទ្យ ពួកគេ "បានរកឃើញមនុស្សពីរបីនាក់ត្រូវបានបាញ់" ហើយពួកគេខ្លះបានស្លាប់រួចទៅហើយ។ មន្ត្រីសេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានទទួលព័ត៌មានសង្ខេបអំពីការបាញ់ប្រហារនៅ Tulsa ។
កាលពីថ្ងៃសៅរ៍កន្លងទៅ ប្រធានាធិបតី Biden បានជំរុញឱ្យប្រជាជនអាមេរិកបញ្ចេញសម្លេងរបស់ពួកគេ ដើម្បីការពារអំពើហិង្សាដោយកាំភ្លើងបន្ថែមទៀត បន្ទាប់ពីមានការសម្លាប់កុមារ 19 នាក់ និងគ្រូបង្រៀនពីរនាក់នៅសាលារៀនមួយក្នុងរដ្ឋតិចសាស់។

