លោកនេះក្រៅពីអរិយបុគ្គលដែលលោកបានផ្លាស់ប្តូរចិត្តអាក្រក់តាមផ្លូវធម៌រួចអស់ហើយ តើយើងត្រូវយកអ្នកណាមកជាទីពឹងបានទៅ ? មនុស្សដូចគ្នា សុទ្ធតែកិលេសលោភៈ ទោសៈ មោហៈ ទិដ្ឋិ មានះ តណ្ហា ឧបាទានពេញខ្លួន តើយើងនឹងយកជាទីពឹងបានដូចម្តេចទៅ ? អ្នកមានឬទ្ធិស្នងបារមី គ្រូទាយហុងស៊ុយ ដែលសុទ្ធតែជាអ្នកត្រូវចាស់ឈឺស្លាប់គ្របសង្កត់ដូចៗគ្នា តើយកមកជាទីពឹងបានដូចម្តេច ? ទាល់តែពឹងធម៌ ពឹងខ្លួនឯង ទើបរួចផុតទុក្ខបាន ។ យើងមិនជឿព្រះពុទ្ធ យើងទៅជឿអ្នកមានកិលេស ហើយសំគាល់ថាបានរួចខ្លួន នេះជាមិច្ឆាវិមុត្តិ(រួចផុតខុស)ទេ ! ។ តើនិព្វានមានឬទេ ? បើចង់ដឹង អង្គុយចុះ ហើយធ្វើខ្លួនឯងទៅ ទើបអាចយល់បាន គេមិនអាចនិយាយពន្យល់មនុស្សដែលមិនដឹងរសទឹកឃ្មុំទាល់តែសោះ ឲ្យយល់បាននោះទេ ! ធ្វើខ្លួនឯង យល់ខ្លួនឯង អស់ចំងល់ជាមិនខាន ។
សិក្សាពីកំហុស ៖ កំហុសគឺជាលំអនៃការពិត បើសិនជាមនុស្សមិនស្គាល់កំហុសថាជាអ្វី នោះការយល់ដឹងនឹងមិនអាចកើតឡើងបានទេ ហើយការរស់នៅក៏មិនខុសពីសត្វដែរ ។ ចូលឲ្យដល់ជំរៅនៃសេចក្តីមេត្តា ដើម្បីហែលទៅមើលគ្រប់ពណ៌ទាំងអស់នៃជីវិត ដែលគំពុងតែឆ្លងកាត់សមុទ្ទទុក្ខ រួចហើយដើម្បីហែលឆ្លងឲ្យផុតពីសមុទ្ទដ៏ធំធេងនេះ កម្លាំងតំបូងគេ គឺសេចក្តីស្រឡាញ់អស់ពីដួងចិត្ត ហើយរលាស់ចោលទាំងអស់ដោយឧបេក្ខាចិត្ត ដើម្បីកុំឲ្យលិចក្នុងទុក្ខសោកទាំងអស់គ្នា ជាការផ្តល់កម្លាំងជីវិតក្នុងការរស់នៅ ត្រូវលះបង់អ្វីដែលមិនល្អក្នុងជីវិតចោល ព្រោះគឺវានេះហើយដែលជាអ្នកបង្កើតកំហុស នាំឲ្យជីវិតមានការលំបាក ឈប់គាំទ្រចិត្តអាក្រក់តទៅទៀតទៅ ! ។
១- នៅពេលជីវិតឲ្យអ្នកហូបទឹកឃ្មុំ អ្នកត្រូវតែហូប ដោយស្មារតីដឹងច្បាស់ថា អ្វីដែលផ្អែមពេកវាមិនមែនជាស្កទេ ។
២- នៅពេលជីវិតឲ្យអ្នកហូបក្រូចឆ្មា អ្នកត្រូវតែហូប កុំធ្វើមុខជូរឲ្យគេដឹង ព្រោះអ្វីៗនៅលើចិត្តគិតទេ ។
៣- នៅពេលជីវិត អបអរអ្នក រីករាយជាមួយវាទៅ ! កុំគិតឲ្យកើតទុក្ខបំផ្លាញភាពរីករាយឲ្យសោះ យើងគ្មានពេលនៅលើផែនដីនេះយូរប៉ុន្មានទេ ។

