ពេលជិតស្លាប់ហ្នឹងឯងគឺជាពេលដែលមនុស្សឯកាបំផុត គួរឱ្យអាណិតបំផុត ជាពេលដែលពួកគេគ្មានអ្វីជាទីពឹង ក្រៅអំពីខ្លួនឯងឡើយ។ ញាតិក្ដី ទ្រព្យក្ដី ប្រពន្ធកូនក្ដី បរិវារទាំងឡាយក្ដី ក៏មិនអាចជួយពួកគេបានដែរ អ្នកទាំងនោះបានត្រឹមតែស្រែកយំ ស្រណោះស្រណោក ឈរមើលពួកគេចាកចេញទៅទាំងក្ដីអាល័យប៉ុណ្ណោះ។ គ្រាដែលជិតស្លាប់ គឺគ្មានអ្វីជាទីពឹងសម្រាប់យើងឡើយ គ្មានអ្វីដែលរារាំងជួយយើងឱ្យផុតពីមាត់មច្ចុរាជឡើយ។ អ្នកទាំងឡាយដទៃក្នុងលោកនេះមិនអាចជួយអ្វីដល់យើងបានឡើយ។ ផ្ទុយមកវិញពួកគេអាចនឹងធ្វើឱ្យយើងអាល័យមុនពេលនឹងចាកចេញទៀតផង ព្រោះអវិជ្ជា។ ដូច្នេះលោកអ្នកគួរតែស្វែងរកទីពឹងសម្រាប់ខ្លួន ហើយចូរកាន់យកខ្លួនជាទីពឹង ចូរហ្វឹកហាត់អប់រំចិត្តជាប្រចាំ ដោយពិចារណានូវសច្ចធម៌ក្នុងជីវិតរឿយៗ ពិចារណាអំពីសង្ខារធម៌រឿយៗ ចូររក្សាសីល ធ្វើសេចក្ដីល្អឱ្យបានច្រើន នោះលោកអ្នកនឹងមានទីពឹងសម្រាប់ខ្លួនឯង។ ម្យ៉ាងកុំស្រវឹងក្នុងជីវិតឡើយ ជាពិសេសនោះគឺស្រវឹងក្នុងមានះ ដែលធ្វើឱ្យយើងកើតឆ្កួតអួតក្អេងក្អាងលែងមើលអ្នដទៃក្នុងកែវភ្នែក ព្រោះទង្វើទាំងនោះ មិនអាចធ្វើឱ្យយើងក្លាយជាបុគ្គលដែលគួរឱ្យសរសើរឡើយ វាមិនអាចជួយយើងឱ្យរីករាយនៅពេលដែលត្រូវលាចាកពិភពលោកដ៏ស្រស់ត្រកាលមួយនេះឡើយ។ ហេតុនេះមិនគួរឡើយ ចូរមានខ្លួនឯងជាទីពឹង យកខ្លួនឯងជាទីពឹង នោះអ្នកនឹងបានពឹងដ៏ប្រសើរដែលអ្នកដទៃកម្រនឹងបាន។

