ចិត្តមេត្តាពិតជាឈ្នះតណ្ហា !
មនុស្សប្រុសណាក៏ជាប់ចំណងកូនប្រពន្ធរើខ្លួនមិនរួចដែរ សូម្បីព្រះពោធិសត្វក៏ដូចគ្នា តែព្រះអង្គបានទតឃើញសភាពទុក្ខសោកខ្លោចផ្សារបស់សត្វលោកធំធេងក្រៃលែងពេក ពិសេសគឺឃើញផ្លូវជីវិតរបស់ខ្លួនឯង ដែលជៀសមិនផុតពីការចាស់ឈឺស្លាប់ បុព្វហេតុរបស់វាគឺការកើត ហេតុនេះព្រះអង្គត្រូវតែស្វែងរកពីវិធីបញ្ចប់កំណើតឲ្យឃើញរួចហើយទើបមកសង្គ្រោះមនុស្សលោកនិងប្រពន្ធកូនខ្លួនឯងវិញជាក្រោយ ។ មនុស្សប្រុសអាយុ២៩ឆ្នាំ ទើបមានកូនមួយកំពុងមានកម្លាំងតណ្ហាដូចជាដំរីចុះប្រេង តែបែរជាបោះជំហានចាកចោលប្រពន្ធកូន ជាពិសេសគឺចោលអំណាចដែលកំពុងមានពេញដៃ ! នេះព្រោះតែចិត្តមេត្តាធំធេងរកប្រមាណមិនបាន « ព្រះមហាករុណាទិគុណ » ទើបឈ្នះតណ្ហាបានយ៉ាងនេះ ! ។ មាននាងម្នាក់រកទទួលទានលក់ភេទព្រោះតែភាពទីទាល់ក្រ ថ្ងៃមួយថៅកែម្នាក់ចង់ទៅកំសាន្តសប្បាយ បានជួលរូបនាងទៅកំដរ ក្រោយពីបានស្តាប់ការពោលរៀបរាប់ពីស្ថានភាពជីវិតរបស់នាង លោកថៅកែបានឲ្យប្រាក់នាងទៅរកសីុមុខរបរផ្សេងឈប់ប្រកបមុខរបរលក់ភេទតទៅទៀត !នាងបានរួចខ្លួនពីអំពើក្រខ្វក់ឆ្អេះឆ្អាបដែលគួរឲ្យស្អប់ខ្ពើម ។ បេះដូងមានក្តីករុណាបរិសុទ្ធិ គឺពិតជាអាចយកឈ្នះតណ្ហាបានពិតមែន គឺឈ្នះយ៉ាងស្រទន់ផ្អែមល្ហែមជាទីបំផុត ! ។ ព្រះពុទ្ធលោកយល់ការនេះច្បាស់ ទើបលោកបង្រៀន ការផ្សាយមេត្តាចិត្ត ការដាំបណ្តុះចិត្តស្រឡាញ់ ព្រោះលោកនេះបើគ្មានចិត្តមេត្តាករុណាទេ នឹងវិនាសអន្តរធានភ្លាមមួយរំពេច ! ។ តើអ្នកបានផ្សាយសេចក្តីស្រឡាញ់ទៅកាន់ពិភពលោកហើយឬនៅ ? ។

