ការអភិវឌ្ឍសង្គមអាចប្រព្រឹត្តទៅបានល្អ និងមានភាពចម្រើនរុងរៀងបានយូរអង្វែង លុះត្រាតែក្នុងការអភិវឌ្ឍនេះមានការចូលរួមយ៉ាងសកម្មពីសំណាក់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតក្នុងនោះមាន ផ្នែកឯកជន អង្គាសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ប្រជាពលរដ្ឋទាំងបុរសនារី ។ ប្រទេសអ្នកផ្តល់ជំនួយក៏ដើរតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសណាមួយដែរ ដូចជាប្រទេសដែលទើបនឹងងើបពីសង្គ្រាម ជាប្រទេសឆ្លងកាត់សម័យអន្តរកាលសេដ្ឋកិច្ច ឬជាប្រទេសកំពុងអភិវឌ្ឍសេដ្ឋកិច្ចជាដើម ។ ផ្ទុយទៅវិញបើសង្គមណាមួយមិនបានបើកចំហឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាននោះទេ សង្គមនោះមិនត្រឹមតែមិនអាចឈានទៅរកភាពលូតលាស់ ជឿនលឿនប៉ុណ្ណោះទេ តែបែជាសង្គមដែលពោពេញដោយភាពផ្តាច់ការ និងអំពើរអសកម្មផ្សេងៗទៀត ក្នុងនោះមានការរំលោភសិទ្ធិមនុស្ស អយុត្តិធម៌ អំពើពុករលួយជាដើមថែមទៀត ។

