តម្លៃសីលធម៌សង្គមមួយបានបង្ហាញពីភាពសេចក្តីទុកចិត្ត ការឲ្យតម្លៃគ្នាទៅវិញទៅមកទាំងការគោរពសិទ្ធ សេរីភាព និងតម្លាភាពសង្គម ។ ការរីកចម្រើននៃគុណធម៌កើតចេញពី ការអប់រំក្នុងសង្គមគ្រួសារ សាលារៀន និងសង្គមជាតិទាំងមូល ហើយបរិយាកាសរស់នៅរបស់ប្រជាជនទាំងទំនៀមទំលាប់ប្រពៃណី និងរបៀបត្រឹមត្រូវនៃការស់នៅក្នុងសង្គម បានធ្វើឲ្យសង្គម មានការអភិវឌ្ឍទាំង សម្ភារៈ ស្មារតី និងចិត្តគំនិត។
ការប្រកាន់យកភាពស្អាតស្អំទាំង ការបំពេញការងារ និងមុខតំណែង តួនាទី បានធ្វើឲ្យស្ថាប័នមួយមានតម្លាភាព និងសេចក្តីទុកចិត្ត ព្រមទាំងសេចក្តីថ្លៃថ្នូរបស់បុគ្គល និងស្ថាប័ន ព្រមទាំងអ្នកក្រោឲវាទ ។ សេចក្តីទុកចិត្ត ការគោរព និងសាមគ្គីភាពអាចត្រូវបានបំផ្លាញដោយការសង្ស័យ ហើយការសង្ស័យកើតចេញពីភាពមិនស្អាតស្អំ និងគ្មានតម្លាភាពក្នុងក្រុម ឬស្ថាប័ន ហើយបើវានៅតែបន្ត ការប្រះឆា និងកើតមានជៀសមិនផុត ។ ដូច្នោះការរក្សាភាពស្អាតស្អំក្នុងការងារពិតជាមិនអាចខ្វះបាន ទាំងក្នុងក្រុម និងស្ថាប័ន។ ការសម្តែងភាពស្មោះត្រង់ និងស្អាតស្អំ របស់អ្នកដឹកនាំ និងអ្នកក្រោមឲវាទ បានបង្ហាញឲ្យឃើញនូវសេចក្តីថ្លៃថ្នូរក្នុងការងារ និងទំនួសខុសត្រូវរបស់ខ្លួន ។
អ្នកអាចមុជទឹកជម្រះរូបកាយដើម្បីឲ្យស្អាត ហើយបង្ហាញការភាពស្អាតស្អំក្នុងខ្លួនរបស់អ្នកកើតមានបានលុះណាតែអ្នកឲ្យតម្លៃលើភាពត្រឹមត្រូវ និងជឿជាក់ថា គ្មានអ្វីល្អជាងការពិត ដែលខ្លួនអ្នកបានដឹង និងគិតថាវាពិតជាត្រឹមត្រូវ ហើយត្រូវតែធ្វើរឿងត្រឹមត្រូវដើម្បីជាប្រយោជន៍រួម មិនមានភាពអាត្មានិយម ឬលាភសក្ការៈពីបុគ្គណា ហើយក៏គ្មានបានកេងប្រវ័ញ្ចលើអ្នកណានោះដែរ។ ការរក្សាបាននូវចិត្តដែលមានសភាពជាអ្នកឲ្យនោះអ្នកអាចធ្វើនូវរឿងត្រឹមត្រូវបានដោយមិនខំប្រឹង ហើយការរក្សាភាពត្រឹមត្រូវនោះហើយ វាធ្វើឲ្យអ្នកស្អាតទាំងខាងក្នុងខ្លួន និងក្រៅខ្លួន ហើយបន្តសកម្មភាពការងារបានយ៉ាងរលូនដោយមានការសហការពីគ្រប់មជ្ឈដ្ឋាន ។
ការរីកចម្រើនលើប្រព័ន្ធប្លក់ឆេង(Blockchain) ក៏កើតចេញពីភាពស្អាតស្អំ និងគុណធម៌ដែល បើគ្មានភាពស្អាតស្អំ និងតម្លាភាពនោះទេគឺពិតណាស់គ្មានការទុកចិត្ត និងការចូលរួមពីមហាជននោះទេ ។ ទាំងនេះជាច្បាប់សកលក្នុងធម្មជាតិ ព្រោះមនុស្សជាសត្វដែលមានសភាវគតិខ្ពស់ និងខំប្រឹងរើបំរាស់ដើម្បីឲ្យមានភាពស្មើគ្នា តាំងពីបុរាណកាល សម័យមានរាជាគ្រប់គ្រង រហូតមានប្រជាធិបតេយ្យក្នុងសង្គមមនុស្ស ។ ការរីកចម្រើន និងសកម្មភាពចូលរួមពីមនុស្សគ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈដ្ឋាន និងបន្តគ្មានទីបញ្ជាប់ ព្រោះមនុស្សគ្រប់រូបពិតណាស់ជាត្រូវការនូវសេរីភាព តម្លាភាព ហើយពេលនោះការអភិវឌ្ឈនិងកើតមានដោយហេតុរបស់វាមានគ្រប់គ្រាន់។

