ភាពជោគជ័យមានកក្តាអ្វីខ្លះ

S
soudina
រាល់ថ្ងៃភាពជោគជ័យដែលមើលមិនឃើញស្តាប់ទៅពីរោះ មានក្តីសង្ឃឹមត្រូវបានយកមកបញ្ចុះបញ្ចូលដើម្បីកសាងបណ្តាញកាត់បន្ថយហានីភ័យម្ចាស់ទុនដំបូង ប្រមូលមូលធនទប់ស្កាត់ការរលំដួល និង ទម្លាក់បន្ទុកដល់សមាជិកបណ្តាញឲ្យជួយរែកពន់បន្តក្រោមរូបភាពដ៏មានប្រជាប្រិយមួយភាពមួយគឺភាពជាម្ចាស់(onwership)។ ភាពជាម្ចាស់វាគ្មានចំណុចខ្សោយថែមអាចបាំងបិទផលអវិជ្ជមានផងខាតក៏លាក់មិនចំណេញក៏ខំប្រឹងព្រោះជាកម្មសិទ្ធិ។
បើអ្នកយកការពិតនេះទៅពន្យល់ដល់អ្នកដែលគេបានបញ្ចូលមនោគមវិជ្ជារួចទៅហើយនោះមិនខុសអ្វីនឹងចាក់ទឹកលើក្បាលទានោះដែរ។ ហេតុអ្វី? ពាក្យថាជឿស៊ុប ពាក្យថាបោកឬបញ្ចុះបញ្ចូលគឺមិនអាចពន្យល់បានសម្រាប់អ្នកបានដាក់ខ្លួនជឿស៊ុបនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រាប់អាចក្លាយទៅជាអ្នកច្រណែន អ្នកបង្អាក់ការជោគជ័យ អ្នកយកជើងរាទឹក...។ ដោយសារតែស្រឡាញ់ អាណិត ក្នុងនាមជាមិត្តល្អ អ្នកជិតខាងល្អ សហការីល្អ ចាស់ទុំល្អ គ្រូល្អ ឪពុកម្ដាយល្អ អ្នកប្រាប់ពិតណាស់ត្រូវតែខ្វល់ខ្វាយចង់ឲ្យអ្នកដែលលង់នឹងគម្រោងផែនការជោគជ័យទាំងមិនដឹងពីយុទ្ធសាស្ត្រដែលរៀបរាប់ខាងលើបានគិតឡើងវិញ ដកខ្លួនទាន់មិនទាន់ជ្រុល មិនទាន់អស់ទ្រព្យសម្បត្តិ ពេលវេលា កម្លាំងថែមទៀតតាមវិធីផ្សេងៗដែលអាចធ្វើទៅបានក្នុងនាមជាមនុស្សល្អដែលមិនអាចមើលឃើញមនុស្សដែលយើងស្រឡាញ់រាប់អានផុងខ្លួនដោយមិនបានដាស់តឿនក្រើនរំលឹកគ្នា។ ពិតណាស់បើគេមិនស្តាប់នៅពេលយើងជួយប្រាប់ក៏ព្រោះមនោគមវិជ្ជាមេគំនិត(master mind)ខ្លាំងជាងយើង មានបទពិសោធន៍ច្រើនជាងយើងតែក្នុងនាមអ្នកមនុស្សល្អយើងអស់ចិត្ត និងគ្មានវិប្បដិសារីព្រោះអ្វីដែលបានប្រាប់គឺប្រាប់រួចហើយ។
ចំណុចគួរពិចារណាខ្លះអាចយកទៅបង្ហាញដើម្បីកាត់បន្ថយគំនិតលោភលន់ដែលជាដើមហេតុនៃការលង់នឹងមនោគមវិជ្ជានៃការបញ្ចុះបញ្ជូលឬបោកប្រាស់មានៈ
១) តើអ្នកមើលឡើងវិញមើលតាំងពីចូលរួមធ្វើវារហូតមកដល់ពេលនេះ តើអ្នករីកចម្រើនជាងមុនអ្វីខ្លះ ឬ អ្នកបាត់បង់អ្វីខ្លះថែមទៀតទាំងក្របខណ្ឌពេលវេលា កម្លាំង ធនធាន ? រីកចម្រើនមានន័យថាប្រសើរឡើងទោះចំណូល ចំណេះ ជំនាញ ត្រូវតែកើនទោះតិចឬច្រើនវាជាសូចនាករវាស់វែងបែបវិទ្យាសាស្ត្រ។ ស្លុងតាមអារម្មណ៍គឺវាស់មិនបានហើយនេះជាហេតុនៃការចាញ់កល។ បើចេះតែខាតឬបាត់បង់ទៅៗនេះជាសញ្ញាត្រូវគិតមើល។ យើងត្រូវវាស់វែងលទ្ធផលជារៀងរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំនៃការដើរលើផ្លូវត្រូវឬមិនត្រូវថាតើមានវឌ្ឍនភាព ឬ ហីនភាព។
២)ជាកត្តាសត្យានុម័ត បើរបរឬមុខជំនួញអ្វីដែលជោគជ័យ មនុស្សម្នាក់ៗគិតរឿងខ្លួន សមាជិកក្រុមគ្រួសារឲ្យមានចំណេញនោះមិនខាន។ ជាទូទៅមនុស្សមិនស្កប់ស្កលនឹងភាពមានបាននោះទេទាំងខ្លួន និងសមាជិកក្រុមគ្រួសារខ្លួន។ ចុះអ្នកដទៃ? មានតិចណាស់ដែលទុកឲ្យប្អូនក្រីក្រ បងក្រីក្រដោយផ្តល់ឱកាសមានបានទៅអ្នកដទៃ...។ មនុស្សល្អពិតជាមានមែនតែនៅតែគាត់ល្អចំពោះក្រុមគ្រួសារគាត់មុនដដែល។ បើល្អជាមួយអ្នកដទៃតែទុកក្រុមគ្រួសារខ្លួនចោលនោះមិនរាប់ថាជាមនុស្សល្អ ដៃគូអាជីវកម្មគួរឲ្យជឿជាក់ទុកចិត្តបាននោះទេព្រោះគ្មានគុណធម៌សូម្បីគ្រួសារ។ អ្នកវ័យឆ្លាតភាគច្រើនលើសលុបច្រើនគឺស្វែងរកឱកាសនិងក្រឡាចំណេញមានបាន គេស្វែងរកតែម្នាក់ឯងមុនអ្នកដទៃតែពេលប្រឈមខ្វះទុន រកកលក្ស័យធន(bankrupt) ត្រូវរកអ្នកដទៃដូចពាក្យចាស់"ចូលព្រៃសត្វសាហាវស្រែកអំពាវគ្នាមកជុំ លុះបា ស្ករទឹកឃ្ញុំពួនសម្ងំឆីម្នាក់ឯង" ឬក៏ពុំនោលខាងលើខុស?
វាពិបាកនឹងពន្យល់ណាស់ចំពោះពាក្យថា បោកប្រាស់ អូសទាញ ផ្លុំត្រចៀកឲ្យជឿស្លុងព្រោះនេះជាជំនាញមួយដែលអ្នកដឹកនាំធ្វើមានសមត្ថភាពស្ទាត់ជំនាញណាស់បើងាយយល់នោះគេមិនអាចទាញមនុស្សឲ្យទៅជាន់អំបែងកែវ រងើកភ្លើងបាននោះទេ។ បើនឹងប្រាប់ត្រង់ថាបើឡើងត្នោតដាច់ខាតត្រូវចេះជំនាញឡើងត្នោតទើបមិនធ្លាក់ស្លាប់វាមិនមែនទាក់ទងតែភាពក្លានហានតែមិនចេះជំនាញឡើងនោះបន្តិចទេ។ តែអ្នកដែលផ្លុំត្រចៀកគឺអាចអូសទាញរហូតដល់ឡើងហើយធ្លាក់គឺជាបទពិសោធន៍ទៅវិញ(គិតតែពីវិជ្ជមានទោះមិនគ្រប់លក្ខខណ្ឌដ៏ដោយ)។
ជាគតិ:សូមយកសំណួរ២ខាងលើទៅវាស់ពីភាពជោគជ័យរបស់អ្នកថាតើលះបានឬលះបង់?
បើគេមានយុទ្ធសាស្រ្តអូសទាញយើងហើយយើងមើលឃើញឬដឹងបានគេមិនហៅល្បិចកិច្ចកលនោះឡើយ។ កុំជឿថាស្មេរនិយាយខុសឬត្រូវ ចូរពិនិត្យលើលទ្ធផលទាំងនោះទៅនឹងដឹងថាតើយើងនឹងឆ្ពោះទៅលើឬទៅក្រោម។

Comments