ជំនាញសង្គមកិច្ចគឺជាជំនាញឯកទេសពិសេសមួយដែលមានវិសាលភាពទូលាយ ប្រើបច្ចេកទេស ឬ អភិក្រមជាបរិយាប័ន្ន ផ្តោត លទ្ធផលជាអតិបរិមា គុណភាព ប្រសិទ្ធភាព ប្រើធនធានឲ្យអស់លទ្ធភាព ជ្រើសរើសហានិភ័យតិចបំផុតតាមប្រព័ន្ធនិងយន្តការដ៏មានប្រសិទ្ធភាពមួយដើម្បីសម្រេចគោលដៅនៃគុណភាពជីវិតរបស់មនុស្សជាតិ។
បើពិភពលោកនេះល្អឥតខ្ចោះ perfect world គ្មានអ្នកលោភលន់ គ្មានអ្នកក្រីក្រ គ្មានអ្នកត្រូវគេរំលោភបំពាន គ្មានផលវិបាកដល់ជនពិការ ជនចាស់ជរា គ្មានអំពើហឹសា គ្មាន....នោះសង្គមកិច្ចគឺមិនមានភាពចាំបាច់នៃវត្តមានរបស់ខ្លួនហើយក៏មិនត្រូវការអ្នកសង្គមកិច្ចនោះដែរ។ វាកើតមកដើម្បីដោះស្រាយបញ្ហាសង្គមធ្វើឲ្យមានសុខុមាលភាពសង្គមនិងសុខដុមរមនា។
រឿងសង្គមកិច្ចមិនស្រួលដូចវិជ្ជាជីវៈដទៃទៀតទេ មិនសើរៗដូចជំនាញដទៃទៀតទេ មិនលំៗធ្វើឲ្យតែបាននោះទេព្រោះអ្នកសង្គមកិច្ចគឺជា Change Agent ដែលនាំឲ្យមានវឌ្ឍនភាពឬ ប្រសើរឡើងក្នុងឯកត្តជន ក្រុម ឬ សង្គម។ វាត្រូវការការលះបង់ខ្ពស់តែប្រកបដោយបញ្ញានិងសិល្បៈដោះស្រាយបញ្ហាកម្រិតបរិយាប័ន្ន ទាមទារជំនាញនិងសមត្ថភាព ទេពកោសល្យពេញបរិបូរណ៍ ហើយបត់បែនគ្រប់វិធីសាស្ត្រនិងមធ្យោបាយតែរក្សាបាននូវគោលដៅនិងលទ្ធផលរំពឹងទុកជាអតិបរមា។
សង្គមកិច្ចគឺជាសកម្មភាពប្រកបដោយវិជ្ជាជីវៈដើម្បីជួយមនុស្សឲ្យជួបនូវគោលដៅនៃគុណភាពជីវិត។
បើអ្នកគ្មានលុយជួយ អាចជួយជាគំនិតព្រោះគំនិតត្រូវអាចបង្កើតអ្វីៗបានរួមទាំងលុយផង។
ខ្ញុំផ្តល់ជាឧទាហរណ៍មួយថាតើសេវាសង្គមកិច្ចមានសារៈសំខាន់របៀបណា?
ឥឡូវយើងសម្មត់ថា សាលារៀនមួយមានបរិដ្ឋានស្រស់ស្អាតណាស់ គ្រូបង្រៀនក៏បង្រៀនប្រកបដោយវិជ្ជាជីវៈខ្ពស់ គុណភាពសិក្សាគឺមានគុណភាពខ្ពស់ទៅចុះ តែមានកុមារីមួយក្រុមដែលមានផ្ទះនៅឆ្ងាយពីសាលាមិនអាចមករៀនបានដោយមូលហេតុសុវត្ថិភាពធ្វើដំណើរមករៀននិងគ្មានមធ្យោបាយធ្វើដំណើរ។
តើសេវាអប់រំដ៏ល្អនិងប្រកបដោយគុណភាពនេះបានផ្តល់អត្ថប្រយោជន៍ទៅក្រុមកុុមារីទាំងនោះដែលនៅតែផ្ទះមិនហ៊ានមកសាលារៀនបានដែរឬទេ?
តើអនាគតពួកគេទៅជាយ៉ាងណា?
ក្នុងនាមជាអ្នកសង្គមកិច្ច ពួកគេនឹងធ្វើការប៉ាន់ប្រមាណតម្រូវការ ពិនិត្យមើលធនធាន ភាពខ្លាំង ភាពខ្សោយ កត្តាគម្រាមកំហែង និងឱកាសរួចកំណត់គោលដៅ វត្ថុបំណង សកម្មភាព ធនធាន ហើយសម្រចផ្តល់សេវាដើម្បីឲ្យក្រុមគាត់ទទួលបានសិទ្ធិនិងអត្ថប្រយោជន៍ពេញលេញពីសេវាអប់រំមានជាអាទិ៍: មធ្យោបាយដឹកជញ្ជូនដែលមានសុវត្ថិភាព...។
នេះអាចជាដំណោះស្រាយមួយជ្រុងនៃកិច្ចអន្តរាគមន៍នៃសេវាសង្គមកិច្ចដើម្បីឲ្យក្រុមកុមារនោះទទួលបានសិទ្ធិនៃការអប់រំ។ លំនាំខាងលើចំពោះវិស័យសុខាភិបាល កសិកម្ម និងវិស័យផ្សេងៗទៀតក៏មានលំអានមិនខុសគ្នាដែរពោលគឺខ្វះសេវាសង្គមកិច្ចដើម្បីអន្តរាគមន៍ផ្តល់ដំណោះស្រាយមិនបាន។

