តើទំនៀមទម្លាប់អាចអភិវឌ្ឍបានទេ?
ពិតណាស់ដែរថាការធ្វើដដែលៗច្រើនដងហើយចេះតែរកឃើញចំណុចវិជ្ជមានជាប្រយោជន៍ទូទៅធ្វើឲ្យប្រជាជាតិមួយដាក់ជាទំនៀមទម្លាប់ ឬ ប្រពៃណី។ ប្រពៃណីគឺសកម្មភាពជាក់លាក់មួយដែលជាតិសាសន៍មួយ ក្រុមមួយ កុលសម្ព័ន្ធណាមួយប្រកាន់យកជាទម្លាប់ទៀងទាត់ព្រោះតែមានផលប្រយោជន៍រួមណាមួយតាមកម្មវិធីនោះ។ ហើយកម្មវិធីមួយៗសុទ្ធតែមានគោលដៅនិងមធ្យោបាយបែបផែនលៃយ៉ាងណាឲ្យសម្រេចគោលដៅជាហិត្តានុហិត។ កម្មវិធិខ្លះធ្វើឲ្យសាច់ញាតិជួបជុំគ្នាកុំរវល់តែធ្វើការរកប្រាក់មិនគិតពីសាច់ញាតិ កម្មវិធីខ្លះបង្កបរិយាកាសរីករាយ...។
កន្លងមកដោយការវិវត្តនៃសង្គម សេដ្ឋកិច្ច បញ្ហានិងទំនោរសង្គម កម្មវិធីមួយចំនួនត្រូវបានកែប្រែ។ ការកែប្រនោះចួនខ្លះទៅជាផលល្អ ជួនខ្លះទៅជាសម្ពាធកាន់តែធ្ងន់ទៅៗក៏សឹងមាន។
ងាកមកដល់សម័យកូវីតនេះ កម្មវិធីមួយចំនួនត្រូវអាក់ខានដោយហេតុផលសុវត្ថិភាព។ មែនហើយសុវត្ថិភាពពិតជាមានសារៈសំខាន់មែនលុះតែដូច្នេះទើបមនុស្សលោកព្រមយកហេតុផលនេះហើយមិនទទឹងទាស់ខ្លាំងក្លាដូចសព្វមួយដងឡើយ។ កាន់តែច្បាស់ជាងនេះទៀត កម្មវិធីដែលចំណាយធំៗទាំងកូនកម្លោះ គ្រួសារកូនក្រមុំ ភ្លៀវដែលត្រូវចូលរួមកាន់តែច្រើនទៅៗដោយការប្រកួតប្រជែង ខ្លាចខ្មាសគេ រហូតគ្រួសារខ្លះរអ៊ូស្ងាត់ៗថាគេហៅការទៀតហើយ ឬ ខែនេះ១០រោងហើយប្រហែលអំបិលប្រហុកហើយយើងខ្លះបន្លឺថា ធៀបការប្រហាប្រាក់ខែ...និយាយលេងបែបមែនណា។ លុះស្ងាត់បែបនេះប្លែកតែម្នាក់ៗដូចជាធូរទ្រូងម្តេចមិនដឹង សល់ពេលខ្លះនៅផ្ទះ សល់លុយខ្លះធ្វើម្ហូបញ៉ាំជុំគ្រួសារ..។ គិតបន្តិចហាក់មានអារម្មណ៍ប្លែក រាងអយុត្តិធម៌ដល់អ្នករៀបកម្មវិធីញឹកញាប់ ខានបានសប្បាយក្អាកក្អាយ ស៊ីផឹកស្ទើក្លាយជាជំងឺសង្គម។ រកបានតិចចាយច្រើនដោយសាររឿងស៊ីផឹក បុណ្យទានមិនប្រកបដោយបញ្ញាវាទម្លាប់សាមញ្ញដែលមិនអាចប្រកែកបានតែត្រឹមរអ៊ូថ្ងូរដូចព្រាបផើម។ លុះកូវីតបង្ខំក៏ស្ងាត់មាត់សល់លុយដែរ មានពេលនៅជុំគ្រួសារច្រើនដែរ អាចក្លាយជាគ្រូនៅផ្ទះដែរ អត់ហេតុផលចេញទៅក្រៅស្របច្បាប់ទៀតដែរ....ដែរ។
តាមពិតមកពីយើងមិនព្រមសិក្សាស្រាវជ្រាវនិងរៀនទទួលយកការពិតថាយើងក្រតែចាយច្រើន ចាយសុទ្ធតែមិនចំគោលដៅ ទើបប្រឹងរកបង្គ្រប់ការចំណាយចេះតែរត់ទៅរកតាមអ្នកបង្កើតកម្មវិធីនិងគ្រឿងស្រវឹង។ ចួនម្តងម្កាលក្រោយមកស្ទើរាល់ថ្ងៃ ជោគជ័យផឹក បរាជ័យផឹក ជួបគ្នាផឹក បែកគ្នាផឹក សប្បាយចិត្តផឹក ពិបាកចិត្តផឹក ខូចចិត្តផឹករាប់ទៅ២០ថ្ងៃមួយខែជារឿងធម្មតា មិនផឹកទើបចម្លែក។
មើលទៅកូវីតអាចកែប្រែផ្នត់គំនិតការចាយវាយខុសខ្ទង់បានដែរទោះដោយបង្ខំចិត្តតែឃើញថាសល់លុយនិងពេលសម្រាប់គ្រួសារជាងមុនដែរ។
ខានបោះបាយបិណ្ឌ មិនសូវខាតអង្ករបើមិនយល់តម្លៃវាហើយវត្តខ្លះមិនប្រឡាក់ប្រឡូសនាំនិស្ស័យរូបអាក្រក់ដល់ជាតិណាៗទៀតផង។ ដុតធូបបើមិនប្រយ័ត្នខាតលុយអាចឆេះវត្ត ឆេះផ្ទះ ផ្សែងប៉ះពាល់ដល់លោក បរិស័ទ ខ្មៅបូជនីយដ្ឋាន នាំនិស្ស័យមិនល្អសោះឡើយដោយហេតុតែមិនប្រកបដោយបញ្ញានេះឯង។
តើគួរធ្វើដុំបាយមានឱជារសជូនអ្នកមានគុណពិសាឬយកទៅបោះនៅវត្តអារាម?
តើគួរទិញធូបទៅដុតឬទិញសៀវភៅមកអាន?
តើទានវស្សាហូរហៀរដូរជាបោះពុម្ពព្រះត្រៃបីដកនិងតអគ្គិសនីប្រើពន្លឺព្រះអាទិត្យសម្រាប់កូននេនរៀនសូត្រនិងបំភ្លឺបូជនីយដ្ឋាន ភូមិដ្ឋានចាត់ជារឿងធ្វើបុណ្យប្រកបដោយបញ្ញាទេ?

