ចូលចិត្តរៀនអភិវឌ្ឍខ្លួន
សង្គម និងការរស់នៅរបស់មនុស្សវិវឌ្ឍទៅមុខជានិច្ច មិននៅស្ងៀមទ្រឹងមួយកន្លែងទេ។ ដើម្បីជោគជ័យ យើងគប្បីចាំថាជីវិតគឺជាការប្រកួតប្រជែងដែលឥតឈប់ឈរ មិនខុសពីការប្រកួតប្រណាំងនោះទេ។ ទាល់តែលឿនជាងគេ រហ័សជាងគេ ឆ្លាតជាងគេ ទើបអាចទទួលបានឱកាស “ទាល់តែប្រឹងប្រែងខ្លាំងណាស់ ទើបអាចឈ្នះ”។ យើងមិនអាចនៅស្ងៀមមួយកន្លែង ហើយក៏សង្ឃឹមថាបានជ័យជម្នះនោះឡើយ។ “ស្របពេលដែលការប្រកួតប្រជែងកាន់តែមានច្រើនទៅៗ យើងមិនអាចនៅបន្តយកចំណេះដឹងដែលរៀនតាំងពី១០ឆ្នាំមុន មកប្រើក្នុងបរិបទថ្មីនៃសង្គមនេះបានទៀតទេ”។ ហេតុដូច្នេះហើយ ទើបមនុស្សដែលចូលចិត្តអភិវឌ្ឍខ្លួនឯង ងាយនឹងទទួលបានឱកាសថ្មីៗជានិច្ច ដែលអាចធ្វើឱ្យគាត់មានសង្ឃឹមនឹងទទួលបានជោគជ័យដូចគ្នា។ សំខាន់បំផុតក្នុងការអភិវឌ្ឍខ្លួន គឺយើងត្រូវគិតជានិច្ចថា យើងនៅមានចន្លោះខ្វះខាតដែលចាំបាច់ត្រូវរៀនសូត្របន្ថែម ដើម្បីបំពេញចន្លោះខ្វះខាតទាំងអស់ កុំឱ្យវាក្លាយទៅជាចំណុចរាំងស្ទះភាពរីកចម្រើនរបស់យើង។ អ្វីដែលចាំបាច់បំផុតនោះ យើងត្រូវចេះប្រជ្រៀតខ្លួនចូលទៅក្នុងពិភពនៃការប្រកួតប្រជែង ហើយហ៊ានប្រឈមជាមួយបញ្ហាដែលនៅចំពោះមុខ និងលះបង់ការសេពគប់ជាមួយមនុស្សអវិជ្ជមានដែលចាំតែបំផ្លាញគោលដៅជីវិតរបស់យើងឱ្យអស់។

