ភាពជាអ្នកដឹកនាំ

S
soudina
ភាពជាអ្នកដឹកនាំ/Leadership
មានមនុស្សមិនតិចទេដែលនិយាយរៀន អនុវត្តជំនាញភាពជាអ្នកដឹកនាំ បទពិសោធន៍ បំណិនឬជំនាញ ចំណេះដឹងសុទ្ធតែមានទៅតាមបរិបទ។
នរណាក៏ចង់ដឹកនាំគេបានជោគជ័យ នរណាក៏ចង់ធ្វើការក្រោមអ្នកដឹកនាំល្អដែរ។ តាមទ្រឹស្តីអេកូឡូស៊ីឬបរិដ្ឋានវិទ្យា មនុស្សម្នាក់អាចធ្វើឲ្យមានការផ្លាស់ប្រែដល់មជ្ឈដ្ឋានជុំវិញ ឯមជ្ឈដ្ឋានជុំវិញក៏អាចផ្លាស់ប្រែដល់ឯកត្តជន(បុគ្គល)ផងដែរ។ វាជាការជះឥទ្ធិពលនិងហុចផលប៉ះពាល់ទៅវិញទៅមក។
ខ្ញុំមិនចង់រៀបរាប់ច្រើនជាទ្រឹស្តីតែចង់រៀបរាប់ដោយប្រើបញ្ញាពិសោធន៍(practical wisdom)មកបង្ហាញថាៈ
១. ចង់បានអ្នកដឹកនាំល្អ អ្នកត្រូវតែជាបុគ្គលិកល្អដែរ: ចង់បានអ្នកដឹកនាំល្អ តែអ្នកអនុវត្តប្រព្រឹត្ត គិត ផ្តល់យោបល់មិនល្អតើអ្នកដឹកនាំត្រូវបំពេញចិត្តអ្នក ឬ ធ្វើតាមរបៀបអ្នកដោយយកផលប្រយោជន៍ក្រុមទាំងមូលទៅបំផ្លាញដើម្បីបំពេញចិត្តបុគ្គលិកមិនល្អឬ? និយោជកតែងមានវិធីសាស្ត្រជ្រើសរើសនិយោជិតនិងដឹងថានរណាត្រូវដឹកនាំ នរណាត្រូវដំឡើងថ្នាក់ នរណាត្រូវផ្តល់រង្វាន់ នរណាត្រូវពិន័យឬ នរណាត្រូវបណ្តេញចេញ។ មនុស្សលោកមិនអាចយកបញ្ញាខ្លួនទៅវាយតម្លៃបញ្ញាព្រះឡើយ។ ចង់ដឹងសាកឱ្យខ្លាទៅដឹកនាំក្រុមអណ្តើកមើល៎ ថាតើលឿនប៉ុណ្ណា? យ៉ាងណាអ្វីៗសុទ្ធតែមានចំណុចខ្លាំង ចំណុចពិសសេសរបស់វាតែរៀងៗខ្លួន។
២. បុគ្គលិកល្អនាំឱ្យមានអ្នកដឹកនាំល្អៈ ក្នុងប្រទេសមួយបើពុំមានពលរដ្ឋល្អតើនឹងរើសបានអ្នកដឹកនាំល្អមកពីណា? ក្នុងក្រុម អង្គភាពក៏ដូចគ្នានេះដែរព្រោះជាទូទៅគេតែងជ្រើសរើសអ្នកដឹកនាំនៅក្នុងស្ថាប័នឱ្យអស់លទ្ធភាពជាមុនសិនទើបជ្រើសរើសអ្នកដឹកនាំមកពីខាងក្រៅហើយក្នុងករណីពិសេសខ្វះមិនបានទៀតផងដោយហេតុថាទាំងការយល់ដឹង ស្គាល់មនុស្ស បទពិសោធន៍ការងារ អតីតភាពការងារនៅក្នុងអង្គភាពសុទ្ធតែច្រើន ប្រសើរជាង។
៣. អ្នកដឹកនាំល្អគឺធ្វើឱ្យក្រុមការងារសម្រេចលទ្ធផលឬគោលដៅតាមផែនការគ្រោងទុក: វិធីសាស្ត្រអ្វី សកម្មភាពអ្វី? ប្រើមនុស្សរបៀបណា? ប្រើធនធានមានប្រសិទ្ធភាពយ៉ាងណាបើមិនដល់គោលដៅនោះតើអ្វីៗដែលប្រឹងប្រែងគឺក្នុងគោលបំណងអ្វីទៅវិញ?
សរុបមក កុំជោរជាមួយការសរសើរ បញ្ចើចបញ្ចើថាអ្នកនេះដឹកនាំល្អ អ្នកនោះដឹកនាំល្អរួចបានពាក្យសរសើរនោះខំធ្វើតែឯងគេនាំគ្នាទៅដេកបាត់លុះបានជោគជ័យគេនាំគ្នាភ្ញាក់ឡើងមកទទួលផលស្មើៗគ្នាហើយសរសើរអ្នកប្រឹងម្នាក់នោះថាចិត្តល្អ ចិត្តទូលាយ អធ្យាស្រ័យខ្ពស់ ជាអ្នកដឹកនាំល្អណាស់...។ ការងារដឹកនាំនិងគ្រប់គ្រងគឺធ្វើទាំងអស់គ្នាតាមតួនាទីនិងភារកិច្ចហើយសម្រេចគោលដៅរួមដោយមានការឯកភាពនិងវិន័យច្បាស់លាស់មួយ។
ដឹកនាំ គឺមានអ្នកដឹកល្អ មានអ្នកនាំល្អ មានអ្នកឲ្យគេដឹកល្អ មានអ្នកឲ្យគេនាំល្អទើបលទ្ធផលជោគជ័យ។
 

Comments