អង្គភាពស្វែងរកប្រាក់ចំណេញ និងមិនស្វែងរកប្រាក់ចំណេញ
ទស្សន:និយោជកនិងនិយោជិតក្នុងវិស័យទាំងពីរមានភាពដូចគ្នាខ្លះនិងមានភាពខុសគ្នាដែរ។
ស្ថាប័នរកប្រាក់ចំណេញគឺគិតពីផលចំណេញជាគោលដៅចម្បងដូចនេះជាបឋមបុគ្គលិកជាតួអង្គស្វែងរកប្រាក់ឲ្យថៅកែ។ ថៅកែចាំប្រមូលលុយ។ ថៅកែដើម្បីបានប្រាក់ចំណេញត្រូវយកចិត្តបុគ្គលិកព្រោះបុគ្គលិកជាអ្នករកប្រាក់ឲ្យ។ ជោគជ័យឬបរាជ័យគឺអាស្រ័យលើសមត្ថភាពស្វែងរកប្រាក់របស់បុគ្គលិកប៉ុន្តែបើខាតនោះសំណួរដែលនិយោជកសួរទៅបុគ្គលិកគឺ បើរកចំណូលមិនបាន ខ្ញុំមានលុយឯណាបើកប្រាក់ខែឲ្យ? បុគ្គលិករកប្រាក់ចំណេញឲ្យច្រើននោះគ្មានរឿងអ្វីដែលនិយោជកមិនយកចិត្តបុគ្គលិកនោះទេព្រោះមិនចាំបាច់រវល់ខ្លួនឯងមានពេលទំនេរបើបុគ្គលិកស្វែងរកប្រាក់ឲ្យជាស្រេច។
ចុះអង្គភាពមិនស្វែងរកចំណេញវិញ ? គោលដៅចម្បងគឺលទ្ធផលនៃការផ្លាស់ប្រែរបស់សហគមន៍ប្រកបដោយនិរន្តរភាពតាមរយៈគុណភាពសរវានិងអភិក្រមដែលត្រឹមត្រូវនឹងតម្រូវការ។ អ្នកសង្គមកិច្ចជាទូទៅគឺជាអ្នកឈឺឆ្អាលសង្គម ជួយដោះស្រាយបញ្ហាសង្គម ម្នាក់ៗមកចូលក្នុងស្ថាប័ននេះគឺជាអ្នកលះបង់ ជាអ្នកខ្លាំងជាងជន(ងាយ)រងគ្រោះដែរ ជាអ្នកយកសមត្ថភាព ពេលវេលា ចំណេះ ជំនាញមករួមជាមួយម្ចាស់ជំនួយដើម្បីផ្តល់សេវាជួយដល់សហគមន៍និងសង្គម។ បើម្នាក់ៗសុទ្ធតែមកលះបង់ទាំងអស់គ្នា អ្នកមានសមត្ថភាពខ្ពស់ធ្វើការងារច្រើន ជួយដឹកនាំមនុស្សច្រើនជួបបញ្ហាក៏ច្រើនតើនរណាទៅយកចិត្តនរណា? ចម្លើយថាទេត្រូវចេះយកចិត្ត លើកទឹកចិត្តខ្លួនឯងព្រោះយើងបានដាក់ចិត្តដាក់កាយហើយថាមកជួយអតិថិជន មកបម្រើគេមិនមែនមកឲ្យគេបម្រើទេព្រោះពុំមានប្រយោជន៍ផ្ទាល់ខ្លួនបានដោយការបំពេញការងារនោះទេ។ វាជាកន្លែងមកលះបង់មិនមែនមករកប្រាក់ចំណេញនោះឡើយ។ ហើយកុំច្រឡំខ្លួនឯងជាអតិថិជន។
នេះជាអត្តសញ្ញាណខ្លះៗដែលនិយោជកនិងនិយោជិតត្រូវប្រយ័ត្នខ្ពស់ចំពោះការប្រើវិធីដឹកនាំនិងគ្រប់គ្រងរវាងវិស័យទាំងពីរនេះបើពុំដូច្នោះទេអ្នកនឹងជួយខ្លួនឯងលែងបានរហូតបោះបង់ខ្លួនឯងក៏ព្រោះតែបញ្ហាប្រឈមក្នុងការបំពេញតួនាទីផង ដោះស្រាយបញ្ហាខ្លួនឯងផង ឆ្លៀតទៅបម្រើអ្នកជុំវិញខ្លួនដែលច្រឡំទៅជាអតិថិជនដែរហើយចេះតែទាមទារការយកចិត្តទុកដាក់មិនមានដែនកំណត់ផង។
គួរចងចាំ: អ្នកធ្វើនៅវិស័យមិនស្វែងរកប្រាក់ចំណេញគឺជាអ្នកមកលះបង់ជួយគេមិនមែនមកទាមទារឲ្យអ្នកនៅជុំវិញខ្លួនយើងមករវល់ជួយយើងនោះទេព្រោះម្នាក់ៗមានទំនួលខុសត្រូវ ការលំបាកតែរៀងៗខ្លួនពិសេសអ្នកទទួលបន្ទុកច្រើនគាត់មានរឿងច្រើនដោះស្រាយមានពេលឯណាមកលួងលោមយើងថែមទៀតឬក៏រវល់តែគ្នាឯងធ្លាក់ទឹកចិត្ត អន់ចិត្តបែបគ្មានពេលទៅជួយសហគមន៍បាននោះទេ។ យើងអាចនឹងក្លាយជាបន្ទុកស្ថាប័ន មិនមែនជាទ្រព្យនោះទេ។
បើអ្នកមានភាពទន់ខ្សោយ ត្រូវការជំនួយពីអ្នកជុំវិញខ្លួនជាដរាប សូមដាក់ពាក្យជាអតិថិជនកុំដាក់ពាក្យជាបុគ្គលិកព្រោះតួនាទីខុសគ្នា។

