មុនពេលយន្តហោះរៀបហោះឡេីង មានអ្នកដំណើរម្នាក់និយាយទៅកាន់នារីបម្រេីការលេីយន្តថា គាត់ត្រូវការទឹកមួយកែវដេីម្បីហូបថ្នាំ។ នារីម្នាក់នោះឆ្លេីយតបយ៉ាងទន់ភ្លន់វិញថា៖ "សូមលោកចាំបន្តិច យន្តហោះរៀបហោះឡេីងហេីយ ចាំយន្តហោះមានលំនឹង ខ្ញុំនឹងយកជូនលោក"។
បុរសម្នាក់នោះក៏ឆ្លេីយថា៖ "អរគុណ"។
១៥នាទីក្រោយមក ភ្លេីងសញ្ញាពណ៍ក្រហមក៏ភ្លឺឡេីងនៅកន្លែងកៅអីរបស់បុរសម្នាក់នោះ ភ្លាមនោះដែរ នារីបម្រើការលេីយន្តហោះក៏អន្ទះសាប្រញាប់ប្រញាល់ទៅចាក់ទឹក ព្រោះដឹងខ្លួនថាភ្លេចចាក់ទឹកឱ្យភ្ញៀវ។
"នាងចេះធ្វេីការអត់?" បុរសម្នាក់នោះស្រែកសួរខ្លាំងៗ។
"សូមទោសលោក! វាជាកំហុសរបស់ខ្ញុំ" នារីឆ្លេីយដោយទឹកមុខញញឹម។
"ចុះបេីខ្ញុំមានរឿងអ្វីកេីតឡេីង នាងអាចទទួលខុសត្រូវបានទេ?" បុរសម្នាក់នោះនៅតែច្រឡោតខឹង។
"ចា! នាងខ្ញុំពិតជាសូមទោសមែន!" នាងពិតជាបង្ហាញទឹកមុខសោកស្តាយចំពោះកំហុសរបស់ខ្លួន។
១៥នាទីក្រោយមក...
"សូមទោសលោក! លោកមានត្រូវការអ្វីទៀតទេ"? នារីម្នាក់នោះព្យាយាមយកចិត្តទុកដាក់ចំពោះភ្ញៀវម្នាក់នេះ ដេីម្បីជាការប៉ះប៉ូវចំពោះកំហុសរបស់នាង"។
ប៉ុន្តែបុរសម្នាក់នោះព្យាយាមងាកមុខចេញពីនាង ដោយសារមិនទាន់បាត់ខឹងនៅឡេីយ។
ទោះជាយ៉ាងណាក៏ដោយ នារីម្នាក់នោះនៅតែព្យាយាមដេីរទៅកាន់កន្លែងអង្គុយរបស់បុរសម្នាក់នោះជាញឹកញាប់ ហេីយព្យាយាមញញឹមរហូត តែបុរសម្នាក់នោះនៅតែចិត្តដាច់មិនរវល់ជាមួយនាង។
ពេលយន្តហោះរៀបចុះចត បុរសម្នាក់នោះបានហៅនារីម្នាក់ផ្សេងទៀតឱ្យយកក្រដាសបញ្ចេញមតិឱ្យគាត់មួយសន្លឹក។
ឃេីញដូច្នេះ ធ្វើឱ្យនារីដែលភ្លេចចាក់ទឹកកាន់តែភ័យបារម្ភ ពីព្រោះនាងទេីបចូលធ្វេីការ នាងពិតជាខ្លាចត្រូវគេបញ្ឈប់ពីការងារណាស់។ ប៉ុន្តែលទ្ធផលចុងក្រោយ គ្មាននរណាស្មានដឹងថាបុរសម្នាក់នោះបែរជាសរសេរថា៖ "ពីដំបូង ខ្ញុំពិតជាខឹងនាងខ្លាំងណាស់ ក៏ប៉ុន្តែ នៅពេលខ្ញុំឃេីញស្នាមញញឹមលេីកទី១៣របស់នាង ធ្វើឱ្យចិត្តរបស់ខ្ញុំប្រែជាទន់ ខ្ញុំមានអារម្មណ៍ថានាងពិតជាដឹងខុស ហេីយនាងព្យាយាមយកគុណសម្បត្តិលុបលាងទោស។ កាយវិការនិងស្នាមញញឹមរបស់នាង ពិតជាធ្វេីឱ្យខ្ញុំរំភេីប។ បេីមានឱកាសចេញទៅបរទេសម្តងទៀត ខ្ញុំសម្រេចចិត្តថា ខ្ញុំនឹងជ្រេីសរេីសយកក្រុមហ៊ុនអាកាសចរណ៍មួយនេះទៀត។
"ស្នាមញញឹមរបស់មនុស្សស្រី ពិតជាមុតស្រួច អាចទម្លុះបេះដូងមនុស្សប្រុសដោយងាយ" ខ្ញុំចង់ប្រាប់ថា ពេលជួបបញ្ហា កុំភ្លេចប្រេីអាវុធមួយនេះអោយសោះ។

