ចំណុចខ្លាំងនិងចំណុចខ្សោយ
តាមពិតចំណុចខ្លាំងឬចំណុចខ្សោយគឺវានៅជាមួយគ្នាហើយជាប់គ្នាបេះមិនដាច់តែរកមើលមិនយល់។ និយាយដល់ត្រឹមនេះប្រហែលអ្នកអានឆ្ងល់ថាម្ត៉េចចំណុចខ្លាំងនិងចំណុចខ្សោយបែរជានៅជាប់គ្នាដូចបាតដៃនិងខ្នងដៃទៅវិញ?
ខ្ញុំសូមលើកយកពាក្យនិយាយលេងសើចតែមានខ្លឹមសារជាគតិដែលមនុស្សមិនតិចទេឭនោះគឺពំនោល " មេឃស្រទំព្រោះចាញ់សម្រស់អូន " នៅពេលស្រឡាញ់គ្នាល្អូកល្អឺនឬតាមស្រឡាញ់ដំបូង និងក្នុងកាលៈទេសៈដូចគ្នាបេះបិទតែពេលស្គាល់ខ្លាំងហួសឬទំនាកទំនងលែងល្អូកល្អឺន(ស្គាល់ចិត្តព្រះ)ដោយប្រែជាវាចាថា " មេឃស្រទំព្រោះវារកភ្លៀង"។
វាស្តាប់ទៅលេងសើចតែក្នុងបរិបទសង្គមពិសេសទំនាក់ទំនងគឺមានពិតមែន។
មិនដឹងអ្នកអានធ្លាប់ជួបប្រទះនូវរបៀបទំនាក់ទំនងកាលគ្រាមិនទាន់ស្និទ្ធស្នាលនិងក្រោយពេលស្និទ្ធស្នាលរហូតដឹងចិត្តថ្លើមថាវាយ៉ាងណា? តើពំនោលខាងលើបានឆ្លុះបញ្ចាំងនូវបទពិសោធន៍ជាក់លាក់ហើយអាចកើតមានមែនឬទេ?
ជាបទពិសោធន៍ នៅពេលតម្លៃនៃទំនាក់ទំនងបែបវិជ្ជមាននោះនឹងឃើញដៃគូសុទ្ធតែចំណុចខ្លាំង។ ទង្វើដដែលបើនៅស្ថានភាពដែលកំពុងតែមានភាពអវិជ្ជមាននោះទស្សនទានក្នុងការមើលទៅដៃគូគឺចំណុចខ្សោយ មិនល្អស្ទើរគ្រប់ទង្វើលំនាំដូចរឿងកម្លែងខាងលើនោះឯង។
តើអ្នកធ្លាប់ឮទេប្រយោគមួយថា នៅពេលគេមិនពេញចិត្ត លេបទឹកមាត់ក៏ខុស ឬ ផឹកតែទឹកក៏ធាត់បើដល់ត្រូវឡើងគីឡូទប់មិនឈ្នះ?
ឧទាហរណ៍មួយទៀត មើលមុខមិនដាក់ភ្នែក ត្រូវបានចាត់ថាមើលដោយយកចិត្តទុកដាក់ ឬ ក៏មើលមិនញិន (ចចេស..ព្រហឺន..) ទៅតាមទស្សនទានដៃគូគិតយ៉ាងណា?
គតិៈ ទំនាក់ទំនងបែបវិជ្ជាជីវៈ(Professional relationship)គឺល្អបំផុតបើសិនអាចរក្សាបានព្រោះវាមានដែនកំណត់ឬព្រំដែន(Boundary)នៃការរក្សាតម្លៃនិងការគោរពយោគយល់គ្នាទៅវិញទៅមក(Mutual Understanding)។

