អវិជ្ជាគឺជាមេរោគដែលដឹកនាំជីវិតមនុស្សឱ្យឆ្ពោះទៅរកសេចក្តីទុក្ខ ជាពិសេសនោះគឺមិនអាចរកឃើញសុភមង្គល។ អវិជ្ជាពោលគឺសេចក្តីល្ងង់ មនុស្សកាលណាបើសេចក្តីល្ងង់ដឹកនាំហើយ នឹងនាំខ្លួនឆ្ពោះទៅរកសេចក្តីទុក្ខ ព្រមទាំងគ្មានសុភមង្គល។ មនុស្សកាលណាបើសេចក្តីល្ងង់ ឬមិនចេះដឹកមុខហើយ នឹងគ្មានការងារល្អ គ្មានសេចក្តីសុខ គ្មានសុភមង្គល ជាពិសេសជីវិតងាយនឹងទទួលបរាជ័យណាស់។
ដូច្នេះហើយការបង្រ្កាបអវិជ្ជា មានតែការខិតខំប្រឹងប្រែងសិក្សារៀនសូត្រស្តាប់គិតពិចារណា ឈ្វេងយល់ សាកសួរ សន្សំគំនិត ចំណេះជំនាញទើបអាចបន្សាបភាពអវិជ្ជាបាន។ មនុស្សកាលណាស្តើងអវិជ្ជា នឹងនាំឱ្យជីវិតអាចរកឃើញសេចក្តីសុខសុភមង្គល ជាពិសេសអាចដឹកនាំខ្លួនឱ្យចេះប្រព្រឹត្តល្អដោយកាយវាចាចិត្ត។ ពន្លឺនៃវិជ្ជាគឺជាចំណុចចាប់ផ្តើមនៃសេចក្តីសុខពិត។

