បើសិនក្នុងផ្ទះមានពស់វែកវានឹងខាំយើងស្លាប់ បើសិនយប់នេះខ្មោចមកលងវាបញ្ចេញសម្លេងថ្ងូរឬលៀនអណ្តាតយ៉ាងវែង បើកភ្នែកធំៗដាក់ បើសិនជាមានចោរគាស់ផ្ទះហើយចូលមកសម្លាប់យើងកាប់យើងជាកង់ៗបោះក្នុងលូទឹកស្អុយបាត់ តើយើងត្រូវវេទនាយ៉ាងណាទៅ ? គេរាល់គ្នាបាត់យើងខំស្វែងរកយ៉ាងណាទៅ ? ......! គិតបណ្តើរបេះដូងលោតញាប់រន្ថើនសឹងធ្លាយទ្រូងបណ្តើរ ! មើលចុះវាត្រឹមតែជាគំនិតសោះ គិតពង្រីកបញ្ហាដោយខ្លួនឯង ដែលតាមការពិតវាគ្មានអ្វីបានកើតឡើងទាល់តែសោះ យកគំនិតមកធ្វើជាការពិត តាមពិតការភ័យខ្លាចវាកើតឡើងមកពីការគិត គំនិតធ្លាប់ដឹងរឿងនោះមកពីមុន ទើបគិតឲ្យកើតជាខ្លាចឡើង មនុស្សបែបនេះមិនយូរទេ ថ្ងៃណាមួយនឹងក្លាយជាមនុស្សវិកលចរិតបានសម្រេចជាមិនខាន បើមិនចេះផ្លាស់ប្តូរការគិតទេនោះ ។ មនុស្សទូទៅគេគិតជាមុនដែរ តែគេគិតដើម្បីបង្កើតការប្រុងប្រយ័ត្ន មិនមែនគិតដើម្បីតែភ័យអត់ប្រយោជន៍នោះទេ ។ ដរាបណាយើងរស់នៅក្នុងពិភពលោកនេះ យើងត្រូវប្រឈមជាមួយបញ្ហាគ្រប់បែបយ៉ាង ប្រសិនបើពេលនោះយើងបែរជាបាត់បង់ក្តីសង្ឃឹមហើយធ្លាក់ទឹកចិត្ត យើងបានត្រឹមតែកាត់បន្ថយសមត្ថភាពខ្លួនឯងក្នុងការប្រឈមជាមួយការលំបាក មិនត្រឹមតែមិនបានទទួលជោគជ័យប៉ុណ្ណោះទេ វាកាន់តែធ្វើឲ្យខ្លួនឯងលំបាកកាន់តែខ្លាំងឡើងទៀតផង ។ តាមពិតឧបសគ្គថ្មីៗ ពិតជាបានផ្តល់ឪកាសដ៏មានតំលៃមួយទៀត ដើម្បីជួយលើកកំពស់ការគិតរបស់យើង ! ។ ការប្រយុទ្ធដ៏ធំបំផុតមួយទៀតក្នុងជីវិតគឺរវាងអ្នកនិងអតីតកាលរបស់អ្នកដើម្បីឲ្យមានការផ្លាស់ប្តូរ មនុស្សដែលមានការអប់រំចិត្តគឺជាមនុស្សដែលចេះបង្រៀនខ្លួនឯងឲ្យមានការផ្លាស់ប្តូរ ដែលអាចនាំយកអភិនិហារមកឲ្យជីវិតតាមរយះការជឿជាក់លើខ្លួនឯងនេះហើយ ! ។ គ្មានអ្នកណាដាស់តឿនអ្នកឲ្យប្រសើរជាងអ្នកដាស់តឿនខ្លួនឯងនោះទេ ! ប៉ុន្តែអវិជ្ជានិងឧបាទានតែងហ៊ុំព័ទ្ធបញ្ញាអ្នកមិនឲ្យអ្នករើខ្លួនរួចបានឡើយ សេពគប់សប្បុរស ស្តាប់ធម៌សប្បុរស តាំងចិត្តផ្លាស់ប្តូរ ទើបជីវិតមានការប្រែប្រួលទៅបាន ។

