ធម្មារម្មណ៍ រាប់ចូលទាំងបញ្ញត្តិ(អារម្មណ៍និងគំនិតក្នុងការរស់នៅទាំងអស់) និងបរមត្ថ(រូប ចិត្ត ចេតសិក និព្វាន)។ ឲ្យតែកិលេសនៅមាន ចិត្តនៅតែល្អក់ កករជាធម្មតាទេ ម្តងកើតកុសល ម្តងកើតអកុសល ព្រោះក្នុងចិត្តយើងមានអកុសលមូល១២ និង មហាកុសល៨ ។ អកុសលមូល១២ អកុសលចេតសិក១៤ ត្រូវគ្រប់គ្រងវាដោយសតិនិងបញ្ញា មិនមែនចេះតែធ្វើតាមវានោះទេ ហើយសតិបញ្ញានេះគឺកើតចេញពីការហ្វឹកហាត់ក្នុងសតិប្បដ្ឋាន៤នេះឯង ។ សោតា សកទា នៅមានលោភៈ ទោសៈ មោហៈ តែស្រាលស្តើង ហេតុនេះការរំជួលចិត្តរបស់លោកនៅមាន តែលោកមានសតិស្មារតីរំងាប់វាទាន់ពេល មិនឲ្យវាពុះកញ្ជ្រោលបោកបាចពេកទេ ម៉្យាងទៀតការអស់ទៅនៃសក្កាយទិដ្ឋិគឺលោកអស់ទុក្ខសម្បើមណាស់ទៅហើយ អស់ការប្រកាន់ខ្លួនគឺអស់ឆ្កួតវង្វេងស្មារតី អស់អបាយភូមិ៤ជាស្ថាពរ ។

