តើធ្វើដូចម្តេចដើម្បីកុំឲ្យគិតខុស ហើយធ្វើដូចម្តេចដើម្បីបំបាត់ភាពលោភលន់ កំហឹងក្រោធ និង ការគិតរាយមាយបានទៅ ?
មិនមានអ្វីក្រៅពីសតិនិងបញ្ញាឬហៅថាសតិសម្បជ្ជញ្ញៈនេះទេ !
១- សតិៈ មានការរលឹកដឹងទាន់ជាលក្ខណះ មានការមិនភ្លេចជាកិច្ច មានការរក្សាជាផល ។ សតិមាន សតិធម្មតា និង សតិកើតពីការហ្វឹកហាត់តាមរយះសមាធិ ។
២- បញ្ញា ឬ សម្បជ្ជញ្ញៈ មានការមិនវង្វេងជាលក្ខណះ មានការពិចារណាជាកិច្ច មានការជ្រើសរើសដើម្បីសម្រេចចិត្តជាផល ។
៣- លោភៈឬការលោភលន់ៈ ជាការជាប់ជំពាក់ក្នុងអារម្មណ៍ មានចំណង់អន្ទះអន្ទែង នាំឲ្យគិតខុស និយាយខុស ធ្វើខុស ហៅថាទុច្ចរិតបី។
៤- ទោសៈឬកំហឹងក្រោធៈ មានការប្រទូសអារម្មណ៍រហូតគ្រប់គ្រងមិនបាន បញ្ចេញភាពហឹង្សាតាមកាយវាចាព្រោះទើសចិត្ត ។
៥- មោហៈឬគំនិតរាយមាយៈ ជាការគិតវង្វេងក្នុងអារម្មណ៍ ចេញរឿងមួយចូលរឿងមួយ ។ ទាំងអស់នេះសុទ្ធតែកើតឡើងនៅក្នុងចិត្ត ដែលអ្នកណាក៏មានដែរ តែគេចេះលុបបំបាត់វាទៅវិញ ដោយសតិរលឹកដឹងទាន់ការគិត ហើយបញ្ញាជាអ្នកលះបង់ចោល ដើម្បីកុំឲ្យមានការគិតខុសនិយាយខុសធ្វើខុស។កិច្ចរបស់យើងគឺត្រូវហ្វឹកហាត់អប់រំចិត្ត ឲ្យកើតសតិតាមរយះសមាធិ(ឬសតិប្បដ្ឋាន៤)ហើយពិចារណាមើលទោសមើលហេតុផលរបស់គំនិតអាក្រក់ទាំងនេះដើម្បីផ្លាស់ប្តូរវាចេញ ។

