ពេលចិត្តចុះស្ងប់ អ្នកសមាធិមិនបានគិតថាចិត្តអាត្មាអញជិតបានចុះស្ងប់ហើយ មិនបានគិតថាចិត្តអាត្មាអញកំពុងតែស្ងប់ហើយ មិនបានគិតថាចិត្តអាត្មាអញជិតចេញពីស្ងប់ហើយដូច្នេះទេ សម័យណាបច្ច័យនាំឲ្យចិត្តស្ងប់បានបំពេញគ្រប់ហើយ ចិត្តក៏ចុះស្ងប់ដោយឯកឯង។តើបច្ច័យអ្វីខ្លះនាំចិត្តឲ្យចុះស្ងប់បាន ? គឺបុណ្យចាស់ខ្លះ បញ្ញាកំណត់ដឹងនូវទុក្ខក្នុងលោកនេះខ្លះ សម្រួមក្នុងសីលល្អខ្លះ បំពេញការព្យាយាមបានត្រឹមត្រូវល្អមិនធូរថយខ្លះ។ ព្រះអរិយៈទាំងឡាយ អ្វីដែលលោកទទួលបាននៅជាតិចុងក្រោយរបស់លោកគឺសុទ្ធតែបានធ្វើបុណ្យតំកល់ចេតនាយ៉ាងមុតមាំតាំងពីព្រះពុទ្ធមុនៗមកម៉្លេះ ។ ដោយកុសលកម្មដែលខ្ញុំបានធ្វើដោយល្អនេះ សូមឲ្យខ្ញុំបានសម្រេចលោកុត្តរធម៌គឺព្រះនិព្វានកុំបីខាន ។ លោកមិនមែនធ្វើងើយៗចំពោះផលបុណ្យរបស់លោកឡើយ !។

