យន្តការពេលស្លាប់ !

S

នៅពេលស្លាប់គឺវិថីចិត្ត១៧ខណៈក្នុងមនោទ្វារលែងកើតរួមផ្សំនឹងកម្មជ្ជរូបហើយរលត់ចុះព្រមគ្នាទើបសត្វនោះស្លាប់ (គឺមេតាបូលីសកោសិកាលែងដំណើរការរួមផ្សំនឹងខណៈចិត្តរលត់) ។ ចុតិចិត្តកើតហើយរលត់មុនកម្មជ្ជរូបមិនមានឡើយ បើកម្មជ្ជរូបមិនទាន់រលត់ ចុតិចិត្តក៏មិនកើតឡើង (បើមេតាបូលីសកោសិកាមិនទាន់រលត់ ចិត្តនៅតែដំណើរការបាន) នេះគឺជាការប្រព្រឹត្តិទៅរបស់សភាវធម៌សុទ្ធសាធ មិនមានវត្ថុណាមួយ ឬ ព្រះអាទិទេពណាមួ��អាចមកបង្គាប់បញ្ជាបានឡើយ ! ។ កិច្ចរបស់យើងគឺត្រូវរៀបចំចិត្តឲ្យស្រឡះ ប្រគល់អ្វីៗឲ្យកម្មចាត់ចែង យើងមិនចាំបាច់ត្រូវខ្វល់ពីអារម្មណ៍ល្អ អារម្មណ៍អាក្រក់អ្វីទាំងអស់ ឬ បើមានសតិទល់ទាន់សភាវៈនេះ អស់យ៉ាងត្រឹមតែភាវនាពុទ្ធោៗ ជាការស្រេច ! ។ ក្នុងខ្លួនមនុស្សគ្រប់រូប​សុទ្ធតែមានអំណាចឋាមពលចិត្ត ប៉ុន្តែពេលដល់កាលវេលារបស់វាហើយ វារមែងចុះខ្សោយ ដូចអាគុយអស់ភ្លើងហើយច្របូកច្របល់ចំពោះអ្នកដែលមិនបានអប់រំឋាមពលចិត្តក្នុងសមថៈ វិបស្សនា គឺមិនបានធ្វើខ្លួនឲ្យបានជាទីពឹងនេះឯង ! ។ ចុតិចិត្តរបស់បុថុជ្ជននិងសេក្ខបុគ្គលធ្វើឲ្យចិត្តជ្ជរូបកើតឡើងបានបន្តិចបន្តួច ទើបរលត់ចុះ(បានអាចមានដូចជាញញឹមឬប្រកាច់លៀនអណ្តាតញាក់មុខមាត់ជាដើម) ។ អាហារជ្ជរូបនៅកើតឡើងជាគ្រាចុងក្រោយ នាំឲ្យឧតុជ្ជរូបកើតឡើងទោះជាស្លាប់ហើយក៏ដោយ ទើបនៅមានកំដៅក្រោយពីស្លាប់បានបន្តិច សូម្បីសាកសពក្លាយជាឆ្អឹងជាផេះហើយក៏ដោយក៏ឧតុជ្ជរូបនៅតែកើតឡើងបានរឿយៗរហូតដល់លោកនេះរលាយទើបឧតុជ្ជរូបរលត់ចុះ(ឆ្អឹងសអាចដុតឆេះផ្តល់កំដៅបាន) ។ ចំណែកនរកប្រេត អសុរកាយ ទេវតា ព្រហ្ម កាលបើស្លាប់ឧតុជ្ជរូបរមែងរលត់ព្រមគ្នា ទើបមិនមានសាកសពនៅសេសសល់(ពេលស្លាប់រលាយខ្សុលទៅតែម្តង) សត្វស្លាប់ហើយកើតក្នុងភពថ្មីដោយអំណាចរូបទាំងបួនគឺ ចិត្តជ្ជរូប អាហារជ្ជរូប កម្មជ្ជរូប​និងឧតុជ្ជរូប រមែងកើតជាថ្មីតាំងពីបដិសន្ធិចិត្តឡើងទៅ ។

Comments