#បើគ្រាន់តែស្រលាញ់ហេតុអ្វីក៏ឈឺចាប់?

S
sreeylis
គ្រាន់តែស្រលាញ់ ហេតុអ្វីក៏ត្រូវឈឺចាប់? ច្បាស់ទេថាគ្រាន់តែស្រលាញ់គេ? ឬក៏...ចង់ឱ្យគេស្រលាញ់ទេដឹង? បើអ៊ីចឹងវាមិនមែនជារឿងរបស់យើងតែម្ខាងទេ បែបនេះគឺហាក់ដូចជារឿងរបស់យើងនិងគេ ព្រោះនៅពេលដែលគេមានចិត្តខុសពីយើង ក៏ធ្វើឱ្យយើងរងទុក្ខ។ តើធ្លាប់ឆ្ងល់ខ្លះទេ ហេតុអ្វីក៏គ្រាន់តែគេមិនស្រលាញ់យើង យើងក៏ស្រាប់តែឈឺចាប់? តើវាពាក់ព័ន្ធអ្វីទៅនឹងរឿងដែលយើងស្រលាញ់គេ? វាជារឿងពីរផ្សេងគ្នាទេតើ! សាកពិចារណាទៅមើ បើយើងពិតជាស្រលាញ់គេ តើទៅខ្វល់អីនឹងរឿងដែលគេស្រលាញ់យើងវិញ ឬក៏អត់នោះ? ហេតុនេះដើម្បីឱ្យកាន់តែស្មោះត្រង់នឹងការពិត នៅក្នុងស្ថានភាពខូចចិត្តបែបនេះ គួរតែឈប់ប្រើប្រយោគថា «ខ្ញុំស្រលាញ់អ្នក» ជំនួសដោយប្រយោគដ៏ស្មោះត្រង់ថា «ខ្ញុំចង់ឱ្យអ្នកស្រលាញ់ខ្ញុំ» វិញ!!!
ក្ដីស្រលាញ់ពិតគឺផុតពីគំនិតដែលអាចគិតបានថា ហេតុអ្វីក៏ខ្ញុំស្រលាញ់គេ? ស្រលាញ់គឺស្រលាញ់ ក្ដីស្រលាញ់មិនមែនជាជំនួញឡើយ អ៊ីចឹងហើយទើបវាមិនដែលឆ្លើយតបចំពោះអ្នកដែលខំប្រឹងតស៊ូដើម្បីវាសោះ។ មិនថាយើងប្រឹងប៉ុណ្ណានោះទេ ក៏គេមិនអាចប្រែជាមកស្រលាញ់យើងបានដែរ ប្រសិនបើគេគ្មានក្ដីស្រលាញ់សម្រាប់យើង។ ចូរឃើញថា មនុស្សម្នាក់ៗមានជីវិតផ្សេងៗពីគ្នា ក្ដីស្រលាញ់របស់អ្នកមិនពាក់ព័ន្ធនឹងគេ ហើយអ្នកនិងគេគឺសុទ្ធតែមានគោលបំណងក្នុងជីវិតរៀងៗខ្លួន។ ខ្ញុំក៏បានរកឃើញហើយថា ក្ដីស្រលាញ់មិនអាចនៅជាមួយនឹងមនុស្សខ្វះក្ដីស្រលាញ់បានទេ លុះត្រាតែគេអាចស្កប់ស្កល់នឹងខ្លួនឯង ឬក៏ចេះស្រលាញ់ខ្លួនឯងជាមុនសិន។
តាមផ្លូវទៅស្វែងរកក្ដីស្រលាញ់ ខ្ញុំក៏រៀនស្រលាញ់ខ្លួនឯង រួចដោះលែងគោលបំណង ព្រមទាំងជំងឺផ្លូវចិត្តខ្លួនឯងចោល។ លុះត្រាតែយើងអាចស្កប់ស្កល់ជាមួយនឹងខ្លួនឯង ទើបយើងលែងមានអារម្មណ៍ឯកា ហើយយើងក៏បានដឹងថា ការពិតយើងគ្មានអ្នកណានោះទេ តាំងតែពីដើមរហូតមក យើងមានតែម្នាក់ឯងប៉ុណ្ណោះ។

Comments