មនុស្សដែលយើងស្រឡាញ់ យើងប្រឹងរត់តាមគេហើយចំពោះមនុស្សដែលយើងមិនស្រឡាញ់ យើងបែរជាប្រឹងរត់គេចពីគេ។ ទីបំផុតទើបដឹងថារវាងអ្នកដែលប្រឹងរត់ដេញចាប់ក៏ហត់អ្នកប្រឹងរត់គេចក៏ហត់។ ការដែលយើងស្រឡាញ់នរណាម្នាក់ គឺវាមិនមែនដោយសារតែយើងត្រូវស្រឡាញ់ទេ។ ការស្រឡាញ់ វាមិនមែនជាតួនាទីឡើយ តែវាជាអារម្មណ៍ដែលពុំមានហេតុផល និងប្រភពច្បាស់លាស់។ យើងមិនចាំបាច់ត្រូវបង្ខំខ្លួនឯង ឱ្យទៅស្រឡាញ់មនុស្សដែលយើងមិនបានស្រឡាញ់ ហើយក៏មិនចាំបាច់ដែលត្រូវបង្ខំចិត្តឱ្យបញ្ឈប់អារម្មណ៍ស្រឡាញ់ ចំពោះមនុស្សដែលយើងស្រឡាញ់ដូចគ្នា។ ការស្រឡាញ់គ្រាន់តែត្រូវការការបំពេញ ឬការផ្ដល់ឱ្យនូវចំណែកនៃសេចក្ដីសុខរវាងគ្នានឹងគ្នា ការលះបង់ដែលគ្មានលាយឡំនូវអារម្មណ៍ចង់បានការតបស្នងត្រលប់មកវិញ សុំត្រឹមតែជាចំណែកនៃសេចក្ដីសុខតូចមួយ សម្រាប់មនុស្សដែលយើងស្រឡាញ់។ ស្រឡាញ់មនុស្សម្នាក់វាមិនខុសពីស្រឡាញ់មនុស្សទូទៅឡើយ ពីព្រោះថាសេចក្ដីស្រឡាញ់ពិតប្រាកដពុំមានការបែងចែកអ្វីឡើយ។ ពីព្រោះស្រឡាញ់គឺសេចក្ដីមេត្តា ស្រឡាញ់គឺលើកលែងអត់ទោស ស្រឡាញ់គឺផ្ដល់ឱ្យ ស្រឡាញ់គឺសង្គ្រោះ ស្រឡាញ់គឺប្រាថ្នាចង់ឱ្យគេទទួលបាននូវសេចក្ដីសុខ។
ការដែលយើងធ្វើល្អចំពោះនរណាម្នាក់ នោះក៏ព្រោះថាយើងមានសេចក្ដីស្រឡាញ់ចំពោះគេនោះឯង ហើយបើយើងឈប់ធ្វើល្អចំពោះគេដោយសារតែគេមិនយល់អំពីសេចក្ដីល្អ ឬសេចក្ដីស្រឡាញ់ដែលយើងផ្ដល់ឱ្យទៅ នោះវាក៏មានន័យថាយើងមិនទាន់យល់ដូចគ្នាអំពីក្ដីស្រឡាញ់ដែលយើងផ្ដល់ទៅឱ្យគេ។ នៅពេលយើងក្រឡេកមើលឃើញផ្កាមួយដើមកំពុងស្វិតស្រពោនដោយសារខ្វះទឹក បើយើងមានក្ដីស្រឡាញ់ប្រកបដោយមេត្តា យើងនឹងយកទឹកមកស្រោចផ្កាក្នុងចេតនាចង់ឱ្យផ្កាបានរួចចាកអំពីសេចក្ដីស្លាប់។ យើងដឹងក្នុងចិត្តថាផ្កានឹងត្រលប់មកជាមានស្លឹក និងដើម ស្រស់ឡើងវិញ ក្រោយពេលដែលទឹកជ្រាបចូលក្នុងដីបាន មួយសន្ទុះ ហើយឫសរបស់ផ្កាទទួលបានជាតិទឹក ដែលយើងស្រោចស្រពនោះ។ ការដែលផ្កាត្រលប់មកជាមានស្លឹកខៀវស្រស់ដូចធម្មតានោះ គឺវាជាអំណរគុណដ៏ធំធេងរបស់ផ្កាសម្រាប់យើង។ ភាពរំភើបមួយកើតឡើងនៅពេលដែលយើងបានឃើញវាប្រែមកជាមានស្លឹកខៀវស្រស់ឡើងវិញនោះឯង ដែលជាអំណាចថាមពលនៃក្ដីស្រឡាញ់ដ៏ខ្លាំងក្លាអស្ចារ្យ។
ក្នុងជីវិតទូទៅ វាក៏បែបនេះដូចគ្នាផងដែរ។ សេចក្ដីស្រឡាញ់មិនមានចន្លោះសម្រាប់ដាក់នូវភាពឈឺចាប់ទេ ប៉ុន្តែនៅចន្លោះរវាងក្ដីស្រឡាញ់ដែលយើងមាន និងក្ដីប្រាថ្នាដែលមិនចេះស្កប់ស្កល់របស់យើង ដែលចេះតែចង់បានអ្វីមួយមកជារបស់ខ្លួន ឬក៏ចង់មានភាពជាម្ចាស់នៃអ្វីមួយនោះ មិនថាវាជារបស់ទ្រព្យសម្បត្តិ អំណាច ឬវាជាអ្វីដែលមើលមិនឃើញដូចជាទំនាក់ទំនង យសស័ក្ដិ ហើយនិយាយរួមគឺភាពជាប់ជំពាក់ទាំងឡាយ ដែលត្រូវកើតឡើងក្នុងជីវិត វាមានបង្កប់នូវភាពឈឺចាប់ចាក់ស្រែះពិបាកស្រាយ។ យើងចាប់អារម្មណ៍រាល់អ្វីល្អៗ ដែលយើងធ្វើដាក់លើអ្នកដទៃដោយគិតថានោះវាជាក្ដីស្រឡាញ់ ប៉ុន្តែចួនកាល តាមរបៀបដែលយើងយល់ថាជាក្ដីស្រឡាញ់នោះ វាបែរជាបង្កឱ្យមានភាពឈឺចាប់ចំពោះគេទៅវិញក៏មាន។

