#ក្រែងយើងជាអ្នកជ្រើសរើសឬ
ពេលនេះអ្នកមកដល់ផ្លូវទាល់ហើយ តើមែនទេ? តែនៅត្រង់នេះ ប្រាកដជា មានច្រកចេញវិញ! តើមានអ្វីអាក្រក់លើសនេះទៅទៀតទៅ? ចុះតើមានមូលហេតុអ្វីដែលត្រូវឃុំខ្លួនឯងបន្តទៀត? ពិតមែនហើយ! បញ្ហាដ៏ធ្ងន់ធ្ងរបំផុតគឺអ្នកក៏លែងមានភាពជឿជាក់ចំពោះខ្លួនឯង ទើបអ្នកចេះតែគិតថា មនុស្សគ្រប់គ្នាក៏មិនត្រូវការអ្នកដែរ។ អ្នកកំណត់ថាខ្លួនឯងជាមនុស្សបរាជ័យ ដោយលើកយកបទពិសោធន៍ប៉ុន្មានដង មកដាក់បន្ទុកខ្លួនឯង។ ទោះជាយ៉ាងណា ខ្ញុំចង់ឱ្យអ្នកគិតថា បើគ្រាន់តែបរាជ័យ តើរស់បន្តទៀតមិនបានមែនទេ? ភាពអវិជ្ជមានកំពុងតែព្យាយាមអូសទាញអ្នកហើយ ហើយដំណាក់កាលនេះ អ្នកស្ទើរតែគិតដល់រឿងល្អអ្វីមិនឃើញសោះ។ អ្នកប្រើពេលវេលាខុស រួចក៏ត្រូវខាត និងចោលការងារជាហូរហែ។ វាធ្វើឱ្យអ្នកកាន់តែតានតឹងថែមទៀត នៅពេលដែលអ្នកមិនបានធ្វើអ្វីឱ្យមានប្រយោជន៍។
ចូរធ្វើនូវសកម្មភាពមួយ ដើម្បីផ្អាកធ្វើនូវសកម្មភាពមួយទៀត។ ដេកក៏ជាសកម្មភាព អ៊ីចឹងត្រូវឈប់ដេក ហើយក្រោកដើរចេញទៅក្រៅ ឬទៅកន្លែងណាដែលអាចស្វែងរកទំនុកចិត្តរបស់អ្នកមកវិញ។ ញ៉ាំទឹកឱ្យបានច្រើន ញ៉ាំអាហារឱ្យបានទៀងទាត់ និងមានជីវជាតិ ហើយក៏ឆាប់ចូលសម្រាក ដើម្បីឆាប់ក្រោក។ កុំភ្លេចស្រលាញ់ខ្លួនឯងជាមុនសិន ហើយព្យាយាមញញឹមជាថ្មីទៅកាន់ពិភពលោកនេះ។
ឃើញទេ ព្រះអាទិត្យកំពុងតែរះសម្រាប់អ្នក? គិតទៅមើល ពេលព្រះអាទិត្យរះតើអ្នកត្រូវធ្វើអ្វីខ្លះ? ចាប់ផ្ដើមរៀនសង្កេតពីដំណើរធម្មជាតិ នោះអ្នកនឹងដឹងថា កិច្ចការខ្លះគឺមិនទាន់ដល់ពេលដែលត្រូវធ្វើនោះទេ រីឯកិច្ចការខ្លះទៀត ក៏ហួសពេលដើម្បីធ្វើទៀតដែរ។ តាមពិតទៅ កន្លងមកគឺយើងខ្លួនឯងទេតើ ដែលបោះបង់ចោលឱកាសល្អៗជាច្រើន ហើយគឺយើងខ្លួនឯងទេតើ ដែលមិនជ្រើសយកមនុស្សម្នានៅជុំវិញខ្លួន។ ម៉េចក៏ថាពួកគេមិនជ្រើសយកអ្នកទៅវិញ? គឺមកពីអ្នកធ្លាក់ទឹកចិត្ត ទើបធ្វើឱ្យគំនិតអវិជ្ជមានអូសទាញអ្នកបានបែបនេះ។ អ្វីៗគឺផ្ដើមពីខ្លួនឯង ហើយយើងគឺជាអ្នកជ្រើសរើសផ្លូវដើរទៅមុខដោយខ្លួនឯង ជ្រើសរើសមនុស្ស ជ្រើសរើសការងារ និងជ្រើសរើសការរស់នៅដ៏មានប្រយោជន៍។

