រាល់ពេលដែលយើងជួបបញ្ហា សូមកុំតូចចិត្ត ឬគិតអវិជ្ជមានពីជីវិតខ្លួនឯងអី ដ្បិតគ្មាននរណាម្នាក់អាចដើរលើផ្លូវជីវិតដោយរលូនរហូតនោះទេ។ យើងត្រូវរៀនប្រឈមមុខជាមួយបញ្ហា ហើយរកផ្លូវដោះស្រាយឱ្យល្អបំផុតតាមដែលយើងអាចធ្វើទៅបាន។ ឆ្លងកាត់បញ្ហាកាន់តែច្រើន នោះយើងនឹងកាន់តែរឹងមាំ។
ផ្ទៃមេឃស្រស់ស្អាតគង់អីស្រអាប់នឹងព្យុះភ្លៀង ជីវិតយើងតែងមានសុខនឹងទុក្ខលាយឡំគ្នា ជារឿងធម្មតាទេ។ គ្មានខ្សែជីវិតនរណាម្នាក់ដែលល្អឥតខ្ចោះឡើយ។ ជីវិតយើងម្នាក់ៗគឺខ្លីណាស់! ដូច្នេះ បើមានរឿងពិបាកចិត្ត ពិបាកចិត្តចុះ តែកុំពិបាកចិត្តយូរពេក។ យើងត្រូវតែរឹងប៉ឹងទទួលស្គាល់ការពិត និងចេះពេញចិត្តនឹងទិដ្ឋភាពនៅតាមផ្លូវទៅកាន់គោលដៅ ទើបយើងអាចដើរទៅមុខយ៉ាងស្ងប់ចិត្ត។

