ពេលនោះអ្នកអត់ទាន់ត្រូវបានសង្គមកែប្រែនោះទេ ដូច្នេះអ្នកបណ្តោយឲ្យខ្លួនឯងសប្បាយជាមួយរឿងតូចតាចគ្រប់បែបគ្រប់យ៉ាង គ្រាន់តែលេងដីជាមួយក្មេងជិតផ្ទះក៏សប្បាយ ហក់ចូលក្នុងស្រះទឹកក្រោយផ្ទះក៏សប្បាយ ឬមើលតុក្កតាដដែលៗចាំភាគអស់ហើយហ្នឹងក៏អាចសប្បាយបានឥតឧបមា!
កាលយើងនៅក្មេង យើងគ្មានលុយចាយច្រើនទេ ក៏គ្មានសង្សារ គ្មានជោគជ័យអីច្រើនដែរ។ តែយើងអាចសប្បាយក្នុងចិត្តបាន ក៏ដោយសារយើងចេះបណ្តោយឲ្យខ្លួនឯងសប្បាយនឹងអ្វីដែលខ្លួនមាន ទោះតិចតួចស្តួចស្តើងប៉ុណ្ណាក៏ដោយ មិនបាច់ចាំដល់មានលក្ខខណ្ឌច្រើនដូចពេលបច្ចុប្បន្ននេះទេ។
សប្បាយចិត្ត ធ្វើការបានកាន់តែច្រើន
ឯចំណុចទីពីរដែលអាចរារាំងមិនឲ្យអ្នកដាក់ចិត្តខំសាកវិធីនេះ គឺអ្នកខ្លះខ្លាចថា បើគាត់សប្បាយនឹងអ្វីដែលខ្លួនមានពេលបច្ចុប្បន្នេះហើយ នោះគាត់នឹងគ្មានទឹកចិត្តខំប្រឹងប្រែងស្រវាចាប់ក្តីស្រមៃ ចាប់ភាពជោគជ័យ ឬ កិត្តិយសកេរ្តិ៍ឈ្មោះជាដើម ដើម្បីឲ្យមាននឹងគេនៅថ្ងៃអនាគតនោះទេ!

