បុរសសុភាព សុភាពបុរស ព្រាននារី ?
ខ្ញុំបានចែកបុរសជាបីប្រភេទ មួយ បុរសសុភាព
ពីរ សុភាពបុរស បី ព្រាននារី ។ ខាងក្រោមនេះ
ជាលក្ខណៈវិនិច្ឆ័យ ដែលខ្ញុំកំណត់ដោយខ្លួនខ្ញុំផ្ទាល់
( អត្តនោម័តិ ) តែប៉ុណ្ណោះ ។
១ បុរសសុភាព គឺជាបុរសដែលមានចរិយាសម្បត្តិគត់មត់ ត្រឹមត្រូវទៅតាមសីលធម៌ និងចរិយាធម៌ ដែលមនុស្សបានកំណត់។ បុរសសុភាព គ្រប់គ្រងលេីតណ្ហា តែមនោសញ្ចេតនា
ស្នេហារបស់គេ ស្ថិតនៅក្រោមម្លប់សីលធម៌និងចរិយាធម៌។
ឧ : បុរសសុភាព មិនអាចថេីបឬក៏ឱបនារីដែលខ្លួនស្រលាញ់ដោយមិនទាន់បាន រៀបការត្រឹមត្រូវតាមប្រពៃណីទេ ។
បុរសសុភាព គិតថាអ្វីៗដែលប្រាសចាកពីចរិយាសាស្ត្របានលេីកឡេីងជារឿង ពុំគប្បី ។ ក្នុងស្នាដៃនិម្មិតកម្មអក្សរសិល្ប៍ តួអង្គ ប៊ុនធឿន អាចចាត់ទុកជាបុរសសុភាពបាន ។
បុរសសុភាពអាចជាបុរសអៀនខ្មាសច្រើនដែរ ។ 
២ សុភាពបុរស គឺបុរសដែលឲ្យតម្លៃទៅលេីអារម្មណ៍ លេីមនោសញ្ចេតនារបស់ខ្លួន ជាងតណ្ហា ។ សុភាពបុរស ជាបុរស
ដែលហ៊ានឱបថេីប បង្កេីតស្នេហា ជាមួយនារីដែលខ្លួនស្រលាញ់។ សុភាពបុរសមិនចូលចិត្តកុហកទេ តែក៏មិនមែន
មានន័យថា សុភាពបុរសមិនចេះកុហកដែរ ។ សុភាពបុរស អាចនឹងកុហកដែលការកុហកនោះ ជាគុណធម៌ផ្លូវព្រលឹងមួយ
ដែលគេពិបាកនឹងបកស្រាយពន្យល់ ។ ពាក្យកុហករបស់សុភាពបុរស ជាពាក្យកុហកដ៏គួរឲ្យយោគយល់ ដែលគេពិបាកនឹងឲ្យខុស ឬចាប់កំហុស។ ពាក្យកុហករបស់សុភាពបុរស
ចំពោះនារីដែលខ្លួនស្រលាញ់មានលក្ខណៈប្រហែលនឹងពាក្យកុហករបស់ម្ដាយចំពោះកូនរបស់ខ្លួន " កូនញ៉ាំចុះ ម៉ាក់មិនឃ្លាន
ទេ " ។ សុភាពបុរស មិនអាចបង្កេីតតណ្ហា ជាមួយនារីដែលខ្លួនគ្មាន មនោសញ្ចេតនាឡេីយ។ សកម្មភាពស្នេហារបស់សុភាព
កេីតឡេីងពីការយល់ព្រមនៃភាគីទាំងសងខាង ។
សុភាពបុរសភាគច្រើន មិនមែនជាមនុស្សដែលមានដៃគូស្នេហាតែម្នាក់នោះទេ។ សុភាពបុរស មិនលលេង
នឹងមនោសញ្ចេតនាឡេីយ តែសុភាពបុរស ត្រូវការមនោសញ្ចេតនាដែលមានសោភ័ណ ។ ស្នេហាសុភាពបុរស
ចេញផុតពីស្រោមសីលធម៌ និងចរិយាធម៌របស់មនុស្ស
តែក៏មិនចូលក្នុងដែន តណ្ហាដែរ ( តណ្ហាពេលនេះ យើង
សំដៅយកតែកាមតណ្ហាមួយប៉ុណ្ណោះ ) ។
ឧ : សុភាពបុរស អាចឱបថេីបនារី កលុះត្រាតែគេមានមនោសញ្ចេតនាជាមួយនារី ក ដែរ ។ តែបេីនារី ក មិនយល់ព្រម
សុភាពបុរស ក៏មិនប្រព្រឹត្ត ។ ក្នុងស្នាដៃនិម្មិតកម្ម អក្សរសិល្ប៍ខ្មែរយើង តួអង្គទុំ អាចចាត់ទុកជាសុភាពបុរសពិតៗ ។ 
៣ ព្រាននារីធ្វើអ្វីគ្រប់យ៉ាង ដេីម្បីបានខ្លួននារី ។ ព្រាននារីមិនខ្វល់ពី សីលធម៌ ចរិយាធម៌ គុណធម៌ វិចារណញ្ញាណអ្វីឡើយ។
ស្នេហាព្រាននារីឆ្ពោះទៅតែម្យ៉ាងគត់ គឺតណ្ហា ។ សោភ័ណខាងដួងព្រលឹង ហាក់គ្មានន័យអ្វីទាំងអស់ គឺមានតែសោភ័ណខាងតណ្ហាទេ ដែលព្រាននារីចងចាំ ។ ដេីម្បីបានខ្លួន នារីដែល
ខ្លួនប្រមាញ់ ព្រាននារីភរ កុហក សន្យា លួងលោម បញ្ឆោត
បញ្ច្រកស្រា ដាក់ថ្នាំ ប្រេីប្រាស់លុយ ពោលធ្វើយ៉ាងណា គឺបានលេងល្បែងស្នេហាជាមួយនារីនោះ។ ទោះគ្មានស្នេហា
ឬ មនោសញ្ចេតនា ក៏ព្រាននារីទៅរួចដែរ។
ក្នុងស្នាដៃនិម្មិតកម្មអក្សរសិល្ប៍ខ្មែរយើង តួអង្គលោក
បាឡាត់ស្រុកក្នុងរឿងកុលាបប៉ៃលិន មានចរិតជាព្រាននារី ។

