ធ្វើដូចម្តេចទើបមានបុគ្គលិកល្អមកធ្វើការជាមួយអ្នក?
បុគ្គលិកល្អសំដៅលើបុគ្គលិកដែលមានសមត្ថភាពធ្វើការទៅតាមទិសដៅរបស់ស្ថាប័ន មានឥរិយាបថវិជ្ជមាន មានភាពស្មោះត្រង់ និងមានការខិតខំប្រឹងប្រែងធ្វើការ។
បុគ្គលិកល្អមិនសំដៅទៅលើមនុស្សពូកែ ចេះគ្រប់យ៉ាង ដឹងគ្រប់រឿង និងអាចធ្វើការជំនួសថៅកែបានគ្រប់មុខនោះទេ ព្រោះគ្មានបុគ្គលិកប្រភេទនេះទេនៅក្នុងទីផ្សារ។ បើមាន ក៏គេគង់នឹងចេញទៅធ្វើថៅកែដោយខ្លួនឯងក្នុងរយៈពេលខ្លីបំផុត។ កុំភ្លេចថា មនុស្សកាន់តែពូកែ រយៈពេលដែលគេនៅជាមួយអ្នកក៏នឹងកាន់តែខ្លីដែរ។ សម័យមុន មនុស្សនិយាយអំពីគុណធម៌ ភក្តីភាព និងការស្វែងរកម្ចាស់ល្អ។ សម័យនេះ គេនិយាយអំពីផលប្រយោជន៍ ឱកាស និងការធ្វើម្ចាស់លើខ្លួនឯង។
ម្ចាស់អាជីវកម្មគួរព្យាយាមយល់ពីតម្រូវការរបស់បុគ្គលិកដើម្បីអាចទាក់ទាញគេមកធ្វើការជាមួយអ្នក។ មូលហេតុចម្បងៗដែលបុគ្គលិកម្នាក់សម្រេចចិត្តទៅបម្រើការនៅស្ថាប័នមួយ អាចដោយសារតែគេ ចង់បានការងារដំបូង ចង់បានប្រាក់បៀវត្សរ៍ ចង់កសាងជំនាញ ចង់បង្កើតសមិទ្ធិផលផ្ទាល់ខ្លួន ឬចង់ចេះរបៀបរកស៊ី។ ហេតុនេះ បើអ្នកចង់បានបុគ្គលិកល្អ សំនួរសួរថា តើអ្នកអាចបំពេញតម្រូវការអ្វីខ្លះឲ្យគេ?
អ្នកអាចសាកល្បងដំណោះស្រាយដូចខាងក្រោម៖
១. ជ្រើសរើសសិស្ស និស្សិត ដែលកំពុងនៅសិក្សា។ ពួកគេកំពុងត្រូវការការងារទីមួយរបស់គេ។ គេនឹងមិនទាមទារលក្ខខណ្ឌច្រើនប៉ុន្មានទេ។ គេត្រូវការឱកាសទទួលបានការងារ និងការបណ្តុះបណ្តាលជំនាញ។
២. ផ្តល់ប្រាក់បៀរវត្សរ៍ និងអត្ថប្រយោជន៍លើសទីផ្សារបន្តិច ដើម្បីឲ្យគេពិបាកនឹងរកជម្រើសផ្សេង។ របៀបនេះ អ្នកនឹងចំណាយច្រើនបន្តិច តែនឹងចំណេញពេល និងថាមពលក្នុងការដោះដូរបុគ្គលិក។
៣. រៀបចំប្រព័ន្ធបណ្តុះបណ្តាលជំនាញសម្រាប់បុគ្គលិក។ មនុស្សមិនងាយធុញនឹងការងារទេ ប្រសិនបើគេមានឱកាសរៀនចេះជំនាញថ្មីជាបន្តបន្ទាប់។ វាជាការងារដ៏ស្មុគស្មាញមួយសម្រាប់ម្ចាស់អាជីវកម្ម តែប្រសិនបើស្ថាប័នរបស់អ្នកជាកន្លែងដែលអាចបណ្តុះជំនាញច្បាស់លាស់ពិតប្រាកដមែន នោះបេក្ខជននានានឹងតម្រង់មករកកន្លែងរបស់អ្នក។ បញ្ហាគឺនៅត្រង់ថា ធ្វើការយូរៗទៅ ធ្វើតែការងារដដែលៗ។ បុគ្គលិកក៏ចាប់ផ្តើមធុញ និងបាត់ការភាពរំភើបក្នុងការងារ។
៤. ទុកឱកាសឲ្យគេបញ្ចេញសមត្ថភាព។ នេះសម្រាប់បុគ្គលិកដែលមានជំនាញខ្ពស់ ស្នាដៃ និងភាពឯករាជ្យ។ មកដល់ចំណុចមួយ បុគ្គលិកដែលមានបទពិសោធន៍ការងារច្រើនឆ្នាំលែងបារម្ភអំពីរឿងប្រាក់ខែខ្លាំងហើយ។ គេត្រូវការឱកាសសម្រាប់សាកល្បងសមត្ថភាព ភាពច្នៃប្រឌិត និងគំនិតផ្តួចផ្តើមរបស់គេ។ គេចង់បានជោគជ័យនៅក្នុងអាជីពការងាររបស់គេ ហួសតែពីរឿងប្រាក់ខែ និងពេលវេលាឈប់សម្រាក។ 

