មេរៀនជីវិតទាំង ៥របស់សត្វស្រមោចជាគតិក្នុងការត្រិះរិះពិចារណា និងរៀនសូត្រតាម៖
១) សត្វស្រមោចបង្រៀនអ្នកឲ្យមានភាពក្លាហាន៖
មនុស្សយើងមានមាឌធំជាងសត្វស្រមោចរាប់ពាន់ដង។ តែអ្វីដែលមិនគួរឲ្យជឿនោះគឺ អ្នកប្រហែលជាខ្លាចសូម្បីតែសត្វកន្លាតប៉ុនមេដៃ។ ពេលនេះអ្នកនឹងអាចរកឃើញនូវភាពក្លាហានដ៏អស្ចារ្យរបស់សត្វស្រមោចដែលមានមាឌដ៏តូចល្អិត។ អ្នកគ្រាន់តែប្រើកម្លាំងតែបន្តិចរបស់អ្នកក៏អាចអាចច្របាច់សម្លាប់ ទាញបំបែកខ្លួនវា ឬធ្វើសកម្មភាពផ្សេងៗដើម្បីធ្វើឲ្យសត្វស្រមោចភ័យខ្លាចបាន តែសត្វស្រមោចមិនអនុញ្ញាតិឲ្យអ្នកបំភ័យវាបានឡើយ។ សត្វស្រមោចបង្រៀនអ្នកឲ្យហ៊ានធ្វើ បើទោះបីជាមានអ្វីមករារាំងអ្នកដែលធ្វើឲ្យអ្នករាថយក៏ដោយ កុំឲ្យបញ្ហាទាំងនោះមករារាំងអ្នកសម្រចកិច្ចការធំឲ្យសោះ។ អ្នកត្រូវតែហ៊ានប្រឈមមុខនឹងបញ្ហា ហើយហ៊ានដោះស្រាយវា។
២) សត្វស្រមោចបង្រៀនអ្នកឲ្យចេះផ្ចង់អារម្មណ៍៖
ប្រសិនបើអ្នកយកម្រាមដៃរបស់អ្នកដាក់នៅលើផ្លូវរបស់សត្វស្រមោច សត្វស្រមោចប្រាកដជាដើរជុំវិញម្រាមដៃនោះហើយបន្តដំណើរជាជួរទៅកាន់គោលដៅរបស់វាបន្តទៀតដោយមិនរុញរាឡើង។ សត្វស្រមោចមិនអនុញ្ញាតិឲ្យម្រាមដៃរបស់អ្នករារាំង ឬពន្យាការធ្វើការរបស់ពួកវាឡើយ។ បើអ្នកដាក់ឧបសគ្គនៅកណ្ដាលផ្លូវរបស់ពួកវាទៀត សត្វស្រមោចក៏នៅតែតស៊ូជំនះដើរទៅគោលដៅរបស់ពួកគេដោយមិនងាករេដ៏ដែល។ អ្នកត្រូវរៀនធ្វើខ្លួនឲ្យដូចសត្វស្រមោចអីចឹងដែរ កុំអនុញ្ញាតឲ្យបញ្ហាកំប៉ិកកំប៉ុកមិនបានការមករារាំងអ្នកមិនឲ្យសម្រចគោលដៅជីវិតរបស់អ្នកឲ្យសោះ។ ប្រសិនបើអ្នកកំពុងធ្វើកិច្ចការសាលា កុំអនុញ្ញាតិឲ្យ Facebook ទាញអ្នកឲ្យចំណាយពេលរាប់ម៉ោងមិនបានការជាមួយវាឲ្យសោះ។
៣) សត្វស្រមោចបង្រៀនអ្នកឲ្យមានទំនួលខុសត្រូវ៖
សត្វស្រមោចញី និងឈ្មោលចញ្ចឹមបីបាច់កូនៗរបស់ពួកវាជាមួយគ្នា។ នេះជាអ្វីដែលអ្នកគួររៀនសូត្រតាម។ កុំឃុំឃាំងកូនរបស់អ្នកនៅតែក្នុងផ្ទះឲ្យសោះ ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើគឺផ្ដល់ការអប់រំដ៏ល្អដល់ពួកគេ។ អ្នកមិនចាំបាច់ទាល់តែក្លាយជាគ្រូបង្រៀនទើបអាចបង្រៀនកូនរបស់អ្នកបាននោះទេ ប៉ុន្តែ អ្នកអាចផ្ដល់ការអប់រំដល់កូនរបស់អ្នកតាមរយៈការបង្ហាញជាឧទារហណ៍ និងតាមរយៈ ការផ្ដល់ដំបូន្មានល្អៗដល់ពួកគេ។ អ្វីដែលអ្នកត្រូវធ្វើ គឺអ្នកត្រូវតែមានទំនួលខុសត្រូវទៅលើអនាគតរបស់កូនៗរបស់អ្នក។ ប្រសិនបើអ្នកជាឪពុកម្ដាយ អ្នកគួរតែរៀនសូត្រពីបទពីសោធន៍របស់អ្នកដ៏ទៃក្នុងការអប់រំ ចញ្ចឹមបីបាច់កូន និងថែរក្សាកូន។
៤) សត្វស្រមោចបង្រៀនអ្នកឲ្យចេះចែករំលែក៖
សត្វស្រមោចតែងតែបន្សល់នូវដានដែលមានជាតិគីមីម្យ៉ាងដែលអនុញ្ញាតិឲ្យសត្វស្រមោចក្រោយៗអាចដឹងផ្លូវទៅកាន់កន្លែងគោលដៅ គឺចំណីរបស់ពួកវា។ ប្រសិនបើវាមិនធ្វើបែបនេះទេ ទោះបីជាសត្វស្រមោចមួយក្បាលអាចលើកទម្ងន់រហូតដល់ ៥០ដងធ្ងន់ជាងទម្ងន់ខ្លួនរបស់វាក៏ដោយ ក៏វាមិនអាចដឹកជញ្ជូនស្បៀងអាហារដ៏ច្រើនទៅកាន់បន្ទាយរបស់ពួកវាដោយម្នាក់ឯងបានឡើយ។ អ្នកប្រហែលជាមានសមត្ថភាពខ្លាំងក្នុងការផ្ទុកព័ត៌មាន ចំណេះដឹង និងបទពីសោធន៍របស់អ្នកទៅក្នុងខួរក្បាលរបស់អ្នក ប៉ុន្តែប្រសិនបើអ្នកមិនចែករំលែកចំណេះដឹង បទពីិសោធន៍ទាំងនោះទៅអ្នកកាន់ដទៃទេនោះ អ្នកនឹងមិនរីកចម្រើនឡើយ។ ការពិភាក្សាដេញដោល ដោះដូរគំនិតយោបល់គ្នាទៅវិញទៅមកនឹងធ្វើឲ្យចំណេះដឹងរបស់អ្នកកាន់តែរីកធំធាត់ឡើងៗ ។
៥) សត្វស្រមោចបង្រៀនអ្នកឲ្យចេះសម្របខ្លួន
អ្នកអាចស្វែងរកសត្វស្រមោចគ្រប់ទីកន្លែង។ ប្រសិនបើអ្នកផ្លាស់ប្ដូរទៅផ្ទះថ្មី អ្នកប្រាកដជានឹងជួបសត្វស្រមោច ហើយបើអ្នកដើរក្នុងព្រៃ អ្នកនឹងជួបស្រមោចទៀតមិនខាន។ សត្វស្រមោចស្គាល់កន្លែងដែលវាអាចស្វែងរកចំណីបានច្បាស់ណាស់។ អ្នកក៏អាចធ្វើដូចសត្វស្រមោចដូចគ្នាដែរ។ អ្នកត្រូវតែរៀនបន្សាំខ្លួនរបស់អ្នកទៅនឹងមជ្ឃដ្ឋានជុំវិញអ្នក។ ពេលដែលអ្វីៗនៅជុំវិញអ្នកប្រែប្រួល រៀនសម្របខ្លួនហើយទាញយកប្រយោជន៍ពីវា៕

