នៅពេលអ្នកចង់បានអ្វីមួយពិតប្រាកដហើយ កុំដាក់កំហិតព្រំដែនឲ្យខ្លួនឯង ចូរដើរទៅយកវាដោយម៉ត់ចត់ចុះ ! នោះចក្រវាឡនឹងជួយបង្កើតភាពរលូនឲ្យអ្នកបានជួបវាដូចក្តីប្រាថ្នាជាមិនខាន ។ ការគិតគឺបង្កើតវត្ថុ បើឃើញវានៅក្នុងចិត្ត អ្នកនឹងបានកាន់វានៅក្នុងដៃ ឲ្យតែអ្នកមានការព្យាយាមមិនកុហកខ្លួនឯង ។ ម្តងធ្វើនេះ ម្តងធ្វើនោះ ភាពឡេះឡោះនោះហើយដែលធ្វើឲ្យអ្នកសល់តែគូថខោ ។ បុរសម្នាក់អង្គុយចាំនៅចំណតឡានក្រុង ពេលគេសួរថា តើអ្នកចង់ទៅណាដែរ ? បើគាត់តបថា ៖ បាត់ដំបងក៏បាន តាកែវក៏បាន កំពតក៏បាន ព្រៃវែងក៏បាន ! គ្មានអ្នកណាដឹងថា គាត់ចង់ទៅណាទេ គាត់ប្រាកដជាមិនបានទៅណាឡើយ អាថ៌កំបាំងនៃការគិតក៏ដូចគ្នា កម្លាំងគិតផ្តោតតែម៉្យាងហើយព្យាយាមធ្វើ ពេលនោះចិត្តផ្ទៃលើ(Conscious mind)នឹងបញ្ជូនសារទៅចិត្តផ្ទៃក្រោម(Subconscious mind)ពេលនោះចិត្តផ្ទៃបាតនឹងធ្វើការស្រូបទាញយកអ្វីៗដែលអ្នកត្រូវការ អ្នកនឹងលបគិតថា ហេតុតែផលបុណ្យ អញចង់បានអីចេះតែបានដូចក្តីប៉ងប្រាថ្នា ! ។ ដើម្បីមានកម្លាំងគិតផ្តោត គឺកុំគិតរាយមាយ ធ្វើយ៉ាងណាឲ្យចិត្តស្ងប់ សមាធិជាចម្លើយដ៏ល្អក្នុងបញ្ហានេះ ដើម្បីឈោងយកវត្ថុនោះបាន ការព្យាយាមធ្វើដោយមុះមុតមិនខ្ជិលច្រអូស គឺជាចម្លើយដ៏ល្អបំផុតហើយ ព្រោះលោកនេះមិនដែលមានសត្វទន្សាយរត់ចូលមាត់ខ្លាកំពុងដេកលក់នោះទេ ! ដើម្បីបានសម្រេចតាមក្តីប៉ងប្រាថ្នាមិនយឺតយូរ កុំភ្លេចបុណ្យឲ្យសោះណា ! ។

